ការបង្កើនការចែករំលែកទិន្នន័យមានសារៈសំខាន់ចំពោះការគ្រប់គ្រងទន្លេមេគង្គ

0

បរទេស៖ គណៈកម្មការទន្លេមេគង្គ (MRC) បានចេញផ្សាយអំពីការសិក្សាមួយ ដោយលើកឡើងអំពីតម្រូវការសម្រាប់ប្រទេសចិន និងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងការចែករំលែកទិន្នន័យ ស្តីពីកម្រិតស្តុក និងប្រតិបត្តិការវារីអគ្គិសនី ខណៈដែលកម្រិតទឹកក្នុងទន្លេមេគង្គនៅស្ថិតនៅកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយសារការប្រែប្រួលអាកាសធាតុ និងសកម្មភាពរបស់មនុស្ស។

ការសិក្សារួមគ្នា ស្តីពីការផ្លាស់ប្តូរគំរូនៃលក្ខខណ្ឌជលសាស្ត្រនៃអាងទន្លេមេគង្គ-ឡានឆាង និងយុទ្ធសាស្ត្របន្សាំ ត្រូវបានធ្វើឡើងដោយ MRC សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡានឆាង (មជ្ឈមណ្ឌលទឹក LMC)។

ការសិក្សានោះបាននិយាយថា លំហូរទឹកទន្លេមេគង្គបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៦ទសវត្សរ៍កន្លងមកក្នុងរយៈពេលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ដែលប៉ះពាល់ដល់វិស័យកសិកម្ម នេសាទ និងជីវភាពរស់នៅរបស់ប្រជាជនជាង ៦០លាននាក់នៅក្នុងប្រទេសឡាវ ថៃ កម្ពុជា និងវៀតណាម។

ការសិក្សានោះបានសន្មតថា ស្ថានភាពនេះមកពីកត្តាធម្មជាតិ ដូចជាគំរូទឹកភ្លៀង អត្រាលំហួត និងសណ្ឋានដី ប៉ុន្តែក៏បានលើកឡើងពីសកម្មភាពរបស់មនុស្សមួយចំនួនផងដែរ ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងទឹក ដែលរួមចំណែកដល់លក្ខខណ្ឌស្ងួតរបស់ទន្លេជាដើម។

ការសិក្សានោះបានផ្តល់អនុសាសន៍មួយចំនួន ដូចជាការចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងនៃកម្រិតស្តុកទឹក និងប្រតិបត្តិការវារីអគ្គីសនី និងការពង្រឹងការជូនដំណឹងអំពីការផ្លាស់ប្តូរភ្លាមៗនៅក្នុងរបៀបនៃប្រតិបត្តិការការស្តុកទឹកក្នុងចំណោមបណ្តាប្រទេសទន្លេមេគង្គ ដែលរួមទាំងប្រទេសចិនផងដែរ ដោយសារវាមានសារៈសំខាន់ក្នុងការកែលម្អការគ្រប់គ្រងទន្លេដែលមានប្រវែង ៤.៣៥០គីឡូម៉ែត្រមួយនេះ។

វាក៏រួមបញ្ចូលផងដែរនូវការអំពាវនាវឱ្យមានការអនុវត្តសកម្មភាព លើសពីការបង្កើនការចែករំលែកទិន្នន័យ ជាមួយនឹងការណែនាំរយៈពេលមធ្យមជាច្រើនដែលគួរតែត្រូវបានជំរុញដោយ «វិទ្យាសាស្ត្រ និងការយល់ដឹងទូទៅ»។ ពួកគេរួមបញ្ចូលនូវការគ្រប់គ្រងដោយសម្របសម្រួលនៃធនធានទឹក យុទ្ធសាស្ត្រគ្រប់គ្រងគ្រោះរាំងស្ងួត និងទឹកជំនន់ដ៏ទូលំទូលាយ ការសិក្សារួមគ្នាបន្ថែមទៀត និងផែនការកសាងសមត្ថភាពសម្រាប់អ្នកបង្កើតគោលនយោបាយទឹក អ្នកគ្រប់គ្រង វិស្វករ និងអ្នកវិទ្យាសាស្ត្រ ព្រមទាំងដោះស្រាយគម្លាតចំណេះដឹងតាមរយៈការបណ្តុះបណ្តាលផ្លូវការ និងក្រៅផ្លូវការ៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា