បរទេស៖ ភាពជាដៃគូរវាងក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងរបស់សហរដ្ឋអាមេរិក និងសាជីវកម្មឧស្សាហកម្មអវកាសជាតិម៉ាឡេស៊ី ត្រូវបានលើកកម្ពស់ដល់កម្រិតខ្ពស់ថ្មីមួយ ខណៈដែលភាគីទាំងពីរបានសហការគ្នារៀបចំវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់អវកាសប៊ូអ៊ីង-ណៃកូ នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១០ ខែតុលា។
នៅក្នុងពិធីបើកវេទិកានោះ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សាហ្រ្វ៊ុល អាប់ឌុល អាហ្ស៊ីហ្ស បានសង្កត់ធ្ងន់ថា វេទិកានេះ គឺជាការបង្ហាញយ៉ាងរស់រវើកសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងភាគីទាំងពីរ ដែលបង្រួបបង្រួមជំនាញរបស់ក្រុមហ៊ុនប៊ូអ៊ីង ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអវកាសរបស់ប្រទេសម៉ាឡេស៊ី។
លោកបាននិយាយថា ក្រសួងមានគោលបំណងធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាមជ្ឈមណ្ឌលអវកាសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាផ្នែកសំខាន់មួយនៃខ្សែសង្វាក់ផ្គត់ផ្គង់លំហអាកាសពិភពលោកនៅត្រឹមឆ្នាំ២០៣០។
លោកបាននិយាយថា ប្លង់មេបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមចំនួន៤១ ដែលត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៥៥,២ប៊ីលានរីងហ្គីត (១៦ប៊ីលានដុល្លារអាម៉េរិក) និងបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់ចំនួន ៣២.០០០កន្លែងនៅត្រឹមឆ្នាំ២០៣០ ដោយលោកបាននិយាយបន្ថែមថា វាគ្របដណ្តប់ទៅលើវិស័យចំនួន៥ គឺវិស័យថែទាំ ជួសជុល និងប្រតិបត្តិការ (MRO ) ការផលិតយន្តហោះ ការរួមបញ្ចូលប្រព័ន្ធ វិស្វកម្ម និងសេវាកម្មរចនា ព្រមទាំងការអប់រំ និងការបណ្តុះបណ្តាល។
ទន្ទឹមនឹងនេះដែរ ប្រធានក្រុមហ៊ុនប៊ូអ៊ីងប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អេឡិចសាន់ដឺរ ស៊ី ហ្វ៊ែលមេន បានបញ្ជាក់ថា ក្រុមហ៊ុនប៊ូអ៊ីងបានរក្សាកិច្ចសហប្រតិបត្តិការជាមួយឧស្សាហកម្មអវកាសរបស់ម៉ាឡេស៊ីក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ ដោយជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ក្នុងស្រុក បង្កើតការងារ និងពន្លឿនដំណើរការសម្រាប់ការបន្តឡើងវិញ។
ក្រុមហ៊ុនប៊ូអ៊ីងបានសន្យាបន្តការគាំទ្រដល់ប្រទេសម៉ាឡេស៊ីក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ ក៏ដូចជារក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ម៉ាឡេស៊ី ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលដ៏រឹងមាំ មានប្រសិទ្ធភាព និងរហ័សរហួន ក្នុងគោលបំណងនាំយកផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ផ្តល់ដល់អតិថិជន៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា