វេទិកាកម្រិតខ្ពស់អាស៊ាន (AHLF) ស្តីពីការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ បានធ្វើពិធីបើកនៅទីក្រុងម៉ាកាសានៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១០ ខែតុលា។
ថ្លែងក្នុងពិធីនោះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ី លោកស្រី ទ្រី រីស្មាហារីនី បាននិយាយថា វឌ្ឍនភាពក្នុងការសម្រេចបាននូវបរិយាបន្នសម្រាប់ជនមានពិការភាពក្នុងទសវត្សរ៍កន្លងមកក្នុងបណ្តាប្រទេសនៅអាស៊ាន មិនមែនគ្មានបញ្ហាប្រឈមដែលកំពុងបន្តនោះទេ។
លោកស្រី រីស្មាហារីនី បានកត់សម្គាល់ថា នៅក្នុងប្រទេសឥណ្ឌូណេស៊ី បរិយាបន្ននៃពិការភាពត្រូវបានដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពជាតិសម្រាប់ជនមានពិការភាព ដែលគ្រប់គ្រងការបំពេញសិទ្ធិជនពិការក្នុងវិស័យផ្សេងៗ ដែលរួមមានទាំងវិស័យសុខភាព ការងារ និងការអប់រំជាដើម។
លោកស្រីបានកត់សម្គាល់ថា «យើងនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងការលុបបំបាត់ការមាក់ងាយ និងការរើសអើងលើជនមានពិការភាព ការដករបាំងផ្សេងៗដែលពួកគេប្រឈមមុខ ជួយសម្រួលដល់ការចូលរួមរបស់ពួកគេក្នុងវិស័យផ្សេងៗ និងការសម្របតាមវិធីសាស្រ្តវដ្តជីវិតក្នុងការបំពេញសិទ្ធិជនមានពិការភាព»។
លោកស្រី រីស្មាហារីនី បានអំពាវនាវឱ្យប្រទេសនានាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការធ្វើឱ្យជីវិតកាន់តែប្រសើរឡើងសម្រាប់ជនមានពិការភាពទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែង និងចាត់វិធានការវិជ្ជមានឆ្ពោះទៅរកការគោរព ការការពារ និងការអនុវត្តសិទ្ធិជនពិការ។
អាស្រ័យហេតុនេះ ប្រទេសជាសមាជិកអាស៊ានអាចដាក់ពង្រាយសមត្ថភាពក្នុងការរៀបចំទីធ្លាសាធារណៈសម្រាប់ជនពិការ និងលើកកម្ពស់សមត្ថភាពរបស់ភាគីពាក់ព័ន្ធ ក៏ដូចជាយុទ្ធនាការរបស់ប្លុកដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិជនពិការ។
លោកស្រីបានបញ្ជាក់ថា វេទិកានេះមិនមែនជាកម្មវិធីសប្បុរសធម៌សម្រាប់ជនពិការនោះទេ ប៉ុន្តែវាជាការវិនិយោគលើធនធានមនុស្ស ដូច្នេះហើយ ជនពិការត្រូវមានការយកចិត្តទុកដាក់ និងផ្តល់លក្ខខណ្ឌដូចគ្នាទៅនឹងជនដែលគ្មានពិការភាពដែរ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា