បរទេស៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសចុងក្រោយរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាស្ទ្រីប និងការប៉ះទង្គិចគ្នានៅតំបន់វេសប៊ែងនៃទន្លេហ្ស៊កដានី បានកើនឡើងដល់ ៤៥០នាក់។
ក្រសួងនោះបានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា «មនុស្សរហូតដល់ ៤៥០នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប និងនៅតំបន់វេសប៊ែង»។ យោងតាមការទំនាក់ទំនងបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនចំនួន ៤៣៦នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ដោយក្នុងនោះមានកុមារចំនួន ៩១នាក់ និងស្ត្រី ៦១នាក់ ជាមួយនឹងមនុស្សប្រមាណ ២.៣០០នាក់ផ្សេងទៀតបានរងរបួស។ ជាមួយគ្នានេះដែរ ជនជាតិប៉ាឡេស្ទីនចំនួន ១៤នាក់ផ្សេងទៀតត្រូវបានសម្លាប់ និងជាង ៨០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់វេសប៊ែង។
កាលពីថ្ងៃអាទិត្យ ជនជាតិប៉ាឡេស្ទីនចំនួន ៤២៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងនៃភាពតានតឹងចុងក្រោយបំផុតកាលពីថ្ងៃទី៧ ខែតុលា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប្រទេសប៉ាឡេស្ទីនបានឱ្យដឹងថា ចាប់តាំងពីថ្ងៃសៅរ៍មក អគារលំនៅដ្ឋានខ្ពស់ៗចំនួន១៣ ត្រូវបានបំផ្លាញទាំងស្រុងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាមួយនឹងផ្ទះឯកជនចំនួន១៥៩ខ្នង ត្រូវបានរុះរើ និងជាង ១.០០០ខ្នងទៀតត្រូវបានបំផ្លាញដោយផ្នែកៗ។ ទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៧០.០០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ប្រទេសប៉ាឡេស្ទីនបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលក្រុមសកម្មប្រយុទ្ធបានជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែល និងចូលរួមជាមួយកងកម្លាំងអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសអំពី «ស្ថានភាពត្រៀមខ្លួនសម្រាប់សង្គ្រាម» និងបានប្រកាសការចាប់ផ្តើមនៃប្រតិបត្តិការ «ដាវដែក»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា