បរទេស៖ ប្រទេម៉ាឡេស៊ីបានធានានូវការសន្យាវិនិយោគដែលមានទឹកប្រាក់ចំនួន ៤០,៦ប៊ីលានរីងហ្គីត (៨,៦ប៊ីលានដុល្លារអាម៉េរិក) ពីប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ក្នុងវិស័យមួយចំនួន ដូចជាវិស័យថាមពលកកើតឡើងវិញ លំហអាកាស និងភស្តុភារជាដើម ដែលជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ទៅកាន់ប្រទេសនៅឈូងសមុទ្រពែក្សមួយនេះដែលត្រូវបានបញ្ចប់កាលពីថ្ងៃទី៧ ខែតុលា។
ក្នុងចំណោមការវិនិយោគទាំងនោះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ (MoU) រវាងអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី (MIDA) និងក្រុមហ៊ុន Abu Dhabi Future Energy Company PJSC-Masdar សម្រាប់គម្រោងថាមពលកកើតឡើងវិញក្នុងប្រទេសម៉ាឡេស៊ី ដែលមានសមត្ថភាពរហូតដល់ ១០ជីហ្គាវ៉ាត់ ដែលមានតម្លៃ ៨ប៊ីលានដុល្លារអាម៉េរិក។
ការសន្យាវិនិយោគផ្សេងទៀតរួមមាន ការវិនិយោគទឹកប្រាក់ចំនួន ៤៥០លានដុល្លារអាម៉េរិកក្នុងវិស័យភស្តុភារ និង ១៥០លានដុល្លារអាម៉េរិកក្នុងវិស័យអាកាសចរណ៍។
នៅក្នុងជំនួបមួយជាមួយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ស្សេក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន និងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងវិនិយោគ លោក អាន់វ៉ា បានផ្តល់ការធានាថា ប្រទេសម៉ាឡេស៊ីប្តេជ្ញាជំរុញវិស័យថាមពលកកើតឡើងវិញ ក៏ដូចជាការកែលម្អភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃនោះ លោក អាន់វ៉ា បានទៅទស្សនាទីក្រុងម៉ាស់ដារ ដែលត្រូវបានគេស្គាល់ថាជាទីក្រុងប្រកបដោយនិរន្តរភាពដែលបានគ្រោងទុកដំបូងបង្អស់របស់ពិភពលោក។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានធ្វើអន្តរកម្មជាមួយអ្នកតំណាងមកពីក្រុមហ៊ុនធុរកិច្ចចំនួន៣៥ នៅក្នុងសិក្ខាសាលាតុមូលមួយ ហើយបានជួបជាមួយអ្នកដែលមកពីក្រុមហ៊ុន G42 ដែលជាក្រុមហ៊ុនប្រតិបត្តិការនៅក្នុងបច្ចេកវិទ្យា AI៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា