ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំដោយមិនមានចេញសេចក្តីថ្លែងការណ៍ អំពីហេតុការណ៍នៅតំបន់ហ្គាហ្សា

0

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាគ្នាអំពីស្ថានភាពជុំវិញតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែមិនបានព្យាយាមអនុម័តទៅលើឯកសាររួមណាមួយទេ។ នេះបើយោងតាមអ្នកចូលរួមបាននិយាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សានោះ។

អ្នកតំណាងអចិន្ត្រៃយ៍នៃប្រទេសម៉ាល់តា លោកស្រី វ៉ាន់ណេសសា ហ្រ្វាហ្សៀរ បានប្រាប់អ្នកសារព័ត៌មានថា «យើងមិនបានពិភាក្សាអំពីសេចក្តីថ្លែងការណ៍រួមណាមួយទេ ហើយក៏គ្មាននរណាម្នាក់បានស្នើឡើងនូវអត្ថបទណាមួយដែរ»។

លោក​ស្រី​បាននិយាយ​បន្ថែម​ថា អ្នក​ចូល​រួមបាន​ពិភាក្សាគ្នា​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ជន​ស៊ីវិល និង​បញ្ឈប់​អំពើ​ហិង្សា។

តំណាងអចិន្ត្រៃយ៍ជំនួសរបស់សហរដ្ឋអាមេរិក លោក រ៉ូបឺត វូដ បានកត់សម្គាល់ថា «សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមព្រៀងគ្នាថា ការវាយប្រហារទាំងនោះមិនត្រូវកើតឡើងទេ»។

លោក​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ស្ថានការណ៍​នឹង​មិន​កាន់តែ​យ៉ាប់យ៉ឺន​ឡើយ ហើយ​ក្រុមប្រឹក្សាបាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ការពារ​កុំឱ្យ​ស្ថានការណ៍មានការ​រីក​រាលដាលបន្តទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា