បរទេស៖ នៅក្នុងកិច្ចប្រជុំមួយជាមួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាម៉េដ អាប៊ូល ហ្គេត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា វាជាការចាំបាច់ណាស់ដែលត្រូវបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
អ្នកការទូតរុស្ស៊ីកំពូលរូបនោះបានកត់សម្គាល់ថា «ក្រៅពីការបញ្ចប់ការប្រយុទ្ធគ្នា និងការដោះស្រាយបញ្ហានៃការស្លាប់ជនស៊ីវិលជាច្រើននាក់ដែលត្រូវបានកត់ត្រាទុកនោះ វាក៏ចាំបាច់ណាស់ដែរ ដេលត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះហេតុផលដែលមិនអាចដោះស្រាយបាននូវបញ្ហាប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍កន្លងមកនោះ»។
លោក ឡាវរ៉ូវ បាននិយាយបន្ថែមថា «យើងមានគម្រោងពិភាក្សាគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការរបស់យើង រួមទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនាពេលខាងមុខនេះរវាងប្រទេសរុស្ស៊ី និងសមាជិកសម្ព័ន្ធអារ៉ាប់ ប៉ុន្តែការកើនឡើងនៃភាពតានតឹងនាពេលបច្ចុប្បន្នរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានបង្ហាញសារជាថ្មីម្តងទៀតថា ស្ថានភាពដែលមានស្រាប់នៅក្នុងតំបន់ជម្លោះ គឺមិនអាចប្រើបានទៀតទេ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរខ្លះនៅក្នុងរបៀបវារៈ»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា