នាយករដ្ឋមន្ត្រីថៃសន្យាអនុវត្តគោលនយោបាយកាបូបប្រាក់ឌីជីថល

0

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃនឹងបន្តផែនការរបស់ខ្លួនក្នុងការផ្តល់កាបូបប្រាក់ឌីជីថលដែលមានតម្លៃ ១០.០០០បាត (២៨០ដុល្លារអាម៉េរិក) ដល់ពលរដ្ឋថៃគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។

ក្នុងជំនួបមួយកាលពីពេលថ្មីៗនេះជាមួយប្រជាពលរដ្ឋនៅក្នុងស្រុកខាំឃឿនកែវនៃខេត្តយ៉ាសុថុន ដែលកំពុងមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយទឹកជំនន់នោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ផែនការនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលនឹងដំណើរការកម្មវិធីទៅមុខបន្ត។

អាស្រ័យហេតុនេះ រដ្ឋាភិបាលបានប្តេជ្ញាអនុវត្តគំនិតផ្តួចផ្តើមកាបូបប្រាក់ឌីជីថលសម្រាប់ប្រជាជនប្រមាណ ៥៦លាននាក់ ដោយគ្រោងនឹងដាក់ដំណើរការនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ ទឹកប្រាក់ប្រមាណ ១៦ប៊ីលានដុល្លារអាម៉េរិកនឹងត្រូវចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស។

ផែនការនេះត្រូវបានគេរំពឹងថានឹងដំណើរការរហូតដល់ឆ្នាំ២០២៤។ ប្រសិនបើមានលទ្ធផលវិជ្ជមាន ផែនការនេះនឹងត្រូវបានពង្រីករហូតដល់ឆ្នាំ២០២៥ ដោយបញ្ចូលទឹកប្រាក់រហូតដល់ទៅ ៥៧ប៊ីលានដុល្លារអាម៉េរិកចូលទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ដែលស្មើនឹង ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​ព្រមាន​ថា ផែនការ​របស់​រដ្ឋាភិបាលមួយនេះ​នឹង​ប្រើ​ប្រាស់​ថវិកា​រដ្ឋ​ក្នុង​ចំនួនដ៏​ច្រើន​។

យោងតាមអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា បានឱ្យដឹងថា អ្នកវិនិយោគបរទេសជឿជាក់ថា នៅទីបំផុតរដ្ឋាភិបាលនឹងត្រូវស្វែងរកប្រាក់កម្ចីដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការនេះ ដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេស និងបង្កើនបំណុលសាធារណៈ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា