បរទេស៖ មន្ត្រីឥណ្ឌូណេស៊ីបានបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងតំបន់ដែលជួបប្រទះភ្លើងឆេះព្រៃ និងវាលស្មៅក្នុងតំបន់ជាច្រើនរបស់ប្រទេសនេះមានភាពល្អប្រសើរឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ឥណ្ឌូណេស៊ី លោកស្រី ស៊ីទី នូបាយ៉ា បាការ បានប្រាប់សារព័ត៌មានថា បើទោះបីជាមានការប្រែប្រួលយ៉ាងណាក្តី ក៏គុណភាពខ្យល់នៅតំបន់ដែលមានភ្លើងឆេះព្រៃត្រូវបានឃើញថាមានភាពប្រសើរឡើងដែរ។
យោងតាមលោកស្រីបានឱ្យដឹងថា ពួកគេកំពុងធ្វើការងារដើម្បីដោះស្រាយបញ្ហាភ្លើងឆេះព្រៃនៅកោះបូណេអូ និងកោះស៊ូម៉ាត្រា តាមដែលអាចធ្វើទៅបាន។ លោកស្រីបាននិយាយបន្តទៀតថា ភ្លៀងកំពុងជួយដល់ដំណើរការនេះ ដោយប្រទេសឥណ្ឌូណេស៊ីក៏កំពុងប្រឹងប្រែងដាក់ពង្រាយការបណ្ដុះពពកផងដែរ។
យោងតាមទិន្នន័យពីទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា ភ្លើងឆេះព្រៃ គឺជាបញ្ហាប្រចាំឆ្នាំក្នុងរដូវប្រាំងរបស់ប្រទេសឥណ្ឌូណេស៊ី។ មានចំណុចក្តៅជាង ១.៩០០កន្លែងត្រូវបានកត់ត្រានៅលើកោះស៊ូម៉ាត្រា ដែលភាគច្រើននៅក្នុងខេត្តស៊ូម៉ាត្រាភាគខាងត្បូង។ កាលពីថ្ងៃទី២ ខែតុលា រដ្ឋាភិបាលក្នុងតំបន់នៃកោះស៊ូម៉ាត្រាខាងត្បូង បានស្នើឱ្យប្រជាជនធ្វើការងារពីផ្ទះ ហើយសាលារៀនត្រូវរៀនតាមប្រព័ន្ធអនឡាញ ចំពេលដែលមានអ័ព្ទខ្លាំង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា