បរទេស៖ ក្រសួងពាណិជ្ជកម្មថៃបានកំណត់គោលដៅបង្កើនតម្លៃពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឱ្យបានដល់ ១,២ទ្រីលានបាត (៣២,៣ប៊ីលានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៤ ដែលជាការកើនឡើង ២០% ធៀបទៅនឹងការប៉ាន់ប្រមាណដែលមានចំនួន ១ទ្រីលានបាតនៅក្នុងឆ្នាំនេះ។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ណាពីនតន ស្រ៊ីស៊ុនផាង បានបង្ហាញអំពីយុទ្ធសាស្ត្ររបស់ក្រសួងដើម្បីសម្រេចបានគោលដៅកំណត់នេះ។ ពួកគេមានគម្រោងផ្សព្វផ្សាយផលិតផលសហគមន៍ផ្សេងៗ ផលិតផលចង្អុលបង្ហាញភូមិសាស្ត្រ និងសិទ្ធិផ្តាច់មុខ។
លោក ណាពីនតន បាននិយាយថា ក្រសួងក៏នឹងរៀបចំការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្ម បង្កើតវេទិកាសម្រាប់មន្ត្រីមកពីបណ្តាប្រទេសជិតខាង និងសមាគមពាណិជ្ជកម្មបរទេស ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រកាត់បន្ថយរបាំងពាណិជ្ជកម្ម។
លោកបាននិយាយបន្តថា សកម្មភាពជំរុញពាណិជ្ជកម្មតាមព្រំដែនគ្រោងនឹងចាប់ផ្តើមដំបូងនៅតំបន់ពាណិជ្ជកម្មតាមព្រំដែនសំខាន់ៗ ដូចជានៅខេត្តឈៀងរ៉ៃ ទីក្រុងម៉ែសតនៅក្នុងខេត្តតាក ទីក្រុងសាដាវ-ប៉ាដាងបេសានៅក្នុងខេត្តសុងក្លា ខេត្តណងខៃ ខេត្តសុរិន្ទ និងខេត្តបុរីរ៉ាំ។
បើទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសជិតខាង ដូចជាប្រទេសមីយ៉ាន់ម៉ា និងឡាវក៏ដោយ ក៏ក្រសួងនៅតែមានសុទិដ្ឋិនិយម។ លោក ណាពីនតន បានបង្ហាញការជឿជាក់ទៅលើប្រជាប្រិយភាពនៃទំនិញប្រើប្រាស់របស់ថៃនៅក្នុងប្រទេសទាំងនោះ ដោយសារគុណភាព និងតម្លៃសមរម្យ។ លោកបានកត់សម្គាល់ថា ប្រទេសថៃក៏នឹងជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រទេសចិនផងដែរ។
កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងការជំរុញសមត្ថភាពនាំចេញរបស់ពួកគេត្រូវបានកំណត់ថាជាផ្នែកសំខាន់មួយ។ ក្នុងចំណោមក្រុមហ៊ុនប្រមាណពីរលានដែលបានចុះបញ្ជីក្នុងប្រទេសថៃ មានតែ ៩០០.០០០ក្រុមហ៊ុនប៉ុណ្ណោះដែលសកម្ម។
ប្រាក់ចំណូលនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមបានថយចុះ ៦% ធៀបទៅនឹងឆ្នាំមុន។ ផ្ទុយពីការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលមានពី ៤០% ទៅ ៥០% នៃផលិតផលក្នុងស្រុកសរុបជាមួយនឹង SMEs ថៃដែលមានត្រឹមតែ ៣៤% ប៉ុណ្ណោះ។
ក្រសួងនោះមានគោលបំណងបង្កើនប្រាក់ចំណូលនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីឱ្យការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមទាំងនោះនៅក្នុងផលិតផលក្នុងស្រុកសរុបសម្រេចឱ្យបានដល់ ៣៥,២%៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា