​កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធពិធីបើក

0

បរទេស៖ កិច្ចប្រជុំលើកទី៤៣ នៃគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ACDM) បានធ្វើពិធីបើកនៅទីក្រុងហាឡុងនៃខេត្តគួងនីញនៅភាគខាងជើងរបស់ប្រទេសវៀតណាមកាលពីថ្ងៃទី៩ ខែតុលាម្សិលមិញ។

ព្រឹត្តិការណ៍នោះបានទាក់ទាញការចូលរួមពីគណៈប្រតិភូជាង ៨០នាក់មកពីលេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងបណ្តាថ្នាក់ដឹកនាំមកពីទីភ្នាក់ងារការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃរដ្ឋសមាជិកអាស៊ានទាំង១០។ ប្រទេសទីម័រឡេស្តេបានចូលរួមព្រឹត្តិការណ៍នោះក្នុងនាមជាអ្នកសង្កេតការណ៍។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនោះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក ង្វៀន ហ័ងហៀប បានសង្កត់ធ្ងន់ថា សមាជិកអាស៊ានទទួលបានសមិទ្ធិផលជាក់ស្តែងក្នុងការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនាពេលកន្លងមក ចាប់តាំងពីការវាយតម្លៃ ការត្រួតពិនិត្យ និងកាត់បន្ថយ រហូតដល់ការពង្រឹងសមត្ថភាពដែលមានភាពធន់។

នៅក្នុងកិច្ចប្រជុំលើកទី៤៣ នោះ អ្នកចូលរួមទាំងអស់នឹងត្រូវបានធ្វើបច្ចុប្បន្នភាពអំពីលទ្ធផលនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ចំពោះកម្មវិធីការងារ (AADMER) សម្រាប់រយៈពេលឆ្នាំ២០២១-២០២៥ ពិភាក្សាគ្នាដើម្បីដាក់សេចក្តីប្រកាសហាឡុង ស្តីពីការបង្កើនសកម្មភាពដំបូងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៅក្នុង តំបន់អាស៊ានទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីអនុម័ត និងពិភាក្សាអំពីបទប្បញ្ញត្តិហិរញ្ញវត្ថុនៃមូលនិធិគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយសង្គ្រោះបន្ទាន់អាស៊ាន (ADMER) ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍអាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ក្នុងចំណោមប្រទេសដទៃទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា