ឡាវមើលឃើញថាអត្រាកើនឡើងនៃអតិផរណាមានការធ្លាក់ចុះនៅក្នុងខែកញ្ញា

0

បរទេស៖ ប្រទេសឡាវបានកត់ត្រាអត្រាអតិផរណាចំនួន ២៥,៧% នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដែលជាការថយចុះបន្តិចពីចំនួន ២៥,៩% កាលពីក្នុងខែសីហា និងទាបបំផុតក្នុងរយៈពេល ១២ខែកន្លងមក។ នេះបើយោងតាមការិយាល័យស្ថិតិឡាវបានចេញផ្សាយ។

យោងតាមការិយាល័យនោះបានឱ្យដឹងថា ការធ្លាក់ចុះនៃប្រាក់គីបឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា ដោយសារមួយភាគបីនៃទំនិញដែលប្រើសម្រាប់គណនាការកើនឡើងតម្លៃត្រូវបាននាំចូល។

ខណៈដែលអតិផរណាមានភាពធូរស្រាលចាប់តាំងពីដើមឆ្នាំ២០២៣ មក នៅក្នុងប្រទេស ឡាវនៅតែមានអត្រាអតិផរណាខ្ពស់បំផុតមួយនៅក្នុងតំបន់ ដែលបណ្តាលឱ្យប្រាក់ចំណូលគ្រួសារមានការធ្លាក់ចុះសម្រាប់ប្រជាជនជាច្រើន ព្រមទាំងធ្វើឱ្យការប្រើប្រាស់ និងការវិនិយោគមានភាពចុះខ្សោយផងដែរ។

នៅក្នុងខែកញ្ញា ការឡើងថ្លៃទំនិញប្រើប្រាស់ត្រូវបានជំរុញជាចម្បងដោយប្រភេទសណ្ឋាគារ និងភោជនីយដ្ឋាន ដែលបង្ហាញពីការកើនឡើង ៣៤,៣% ពីមួយឆ្នាំទៅមួយឆ្នាំ និងតាម​ពីក្រោយ​ដោយ​ប្រភេទ​ទំនិញសម្លៀកបំពាក់ និង​ស្បែកជើង​មានចំនួន ២៩,៧% ប្រភេទ​អាហារ និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុលមានចំនួន ២៩,៤% ប្រភេទទំនិញ​ក្នុង​ផ្ទះមានចំនួន ២៤,៣% និង​ប្រភេទ​គ្រឿង​ស្រវឹង និង​ថ្នាំជក់មានចំនួន ២៣,៤%។

លើស​ពី​នេះ​ទៀត តម្លៃ​នៃ​ប្រភេទ​សេវា​ថែទាំ​សុខភាព និង​ឱសថ​បាន​កើន​ឡើង ២១,១% ខណៈដែល​តម្លៃ​នៃ​ប្រភេទ​ទំនាក់ទំនង និង​ការ​ដឹក​ជញ្ជូន​បាន​កើន​ឡើង ២០,៧%។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានសហការជាមួយបណ្តាក្រុមហ៊ុនក្នុងស្រុកដើម្បីលក់ទំនិញប្រើប្រាស់ទូទៅក្នុងតម្លៃទាប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃម្ហូបអាហារ។

នៅក្នុងកិច្ចប្រជុំទៀងទាត់មួយរបស់រដ្ឋាភិបាលឡាវសម្រាប់ខែកញ្ញា នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាដូន បានគូសបញ្ជាក់អំពីវិធានការដើម្បីដោះស្រាយបញ្ហាអតិផរណា អត្រាប្តូរប្រាក់ តម្លៃទំនិញ និងបំណុលបរទេស៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា