បរទេស៖ អាជ្ញាធរអ៊ីស្រាអែលបានអនុម័តទៅលើសេចក្តីសម្រេចមួយដែលបានប្រកាសពីមុនក្នុងការដាក់ប្រទេសក្នុង «ស្ថានភាពនៃសង្គ្រាម» ដែលមានន័យថាជាការចាប់ផ្តើមប្រតិបត្តិការយោធាធំៗ។
ការិយាល័យសារព័ត៌មានរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «កាលពីយប់មិញ គណៈរដ្ឋមន្ត្រីសន្តិសុខបានអនុម័តទៅលើស្ថានភាពសង្រ្គាម ហើយចាប់ពីពេលនេះរហូតដល់ទីបញ្ចប់ ការចាត់វិធានការយោធាសំខាន់ៗនឹងត្រូវធ្វើឡើងស្របតាមមាត្រា៤០ នៃច្បាប់មូលដ្ឋាន ស្តីពីរដ្ឋាភិបាល»។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា «សង្រ្គាមដែលបានវាយលុកទៅលើរដ្ឋអ៊ីស្រាអែលដោយការវាយប្រហារភេរវកម្មសម្លាប់មនុស្សចេញពីតំបន់ហ្គាហ្សាស្ទ្រីបបានចាប់ផ្តើមនៅវេលាម៉ោង ០៦:០០ព្រឹកម្សិលមិញ (ថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣)»។
កាលពីព្រឹកថ្ងៃទី៧ ខែតុលា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតត្រូវបានបាញ់នៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្រ្ទីប។ ក្នុងពេលដំណាលគ្នានោះ ក្រុមសកម្មប្រយុទ្ធបានជ្រៀតចូលទៅក្នុងទឹកដីអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមប្រតិបត្តិការ «ដាវដែក» ដែលជាការសងសឹកចំពោះការវាយប្រហារដែលចេញមកពីតំបន់ផ្តាច់ការប៉ាឡេស្ទីននោះ។
លោក អ៊ីស្ម៊ែល ហានីយេហ៍ ប្រធានការិយាល័យនយោបាយបច្ចុប្បន្នរបស់ក្រុមហាម៉ាស់បាននិយាយថា ការវាយប្រហាររបស់ប៉ាឡេស្ទីនត្រូវបានចាប់ផ្តើមដែលជាការសងសឹកចំពោះសកម្មភាពឈ្លានពានរបស់អ៊ីស្រាអែលទាក់ទងនឹងវិហារអ៊ីស្លាមអាល់អាក់សា នៅកណ្តាលទីក្រុងហ្សេរុយសាឡឹម។
ភាពអាសន្នត្រូវបានប្រកាសនៅលើទឹកដីអ៊ីស្រាអែលទាំងមូល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសរបស់លោក «កំពុងមានសង្រ្គាម» ហើយបានប្តេជ្ញាចិត្តដើម្បីយកឈ្នះសង្រ្គាមនេះ។
យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានធ្វើឱ្យជនជាតិអ៊ីស្រាអែលជាង ៦០០នាក់បានស្លាប់ និងរហូតដល់ ២.០០០នាក់បានរងរបួស។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅពេលមុននេះថា មនុស្សជាង ៣០០នាក់ត្រូវបានសម្លាប់ និងប្រហែល ១.៩០០នាក់បានរងរបួសបន្ទាប់ពីការវាយប្រហារដោយយោធាអ៊ីស្រាអែលកាលពីពេលថ្មីៗនេះនៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា