រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​គ្រោង​ធ្វើ​ដំណើរ​ទៅ​អាស៊ាន

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា ធ្វើទស្សនកិច្ចនៅប្រទេសប្រ៊ុយណេ វៀតណាម ឡាវ និងថៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុន។

នៅក្នុងដំណើរបំពេញទស្សនកិច្ចនោះ លោកស្រីរដ្ឋមន្ត្រី កាមីកាវ៉ា នឹងជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលនៃប្រទេសនីមួយៗ រួមទាំងរដ្ឋមន្ត្រីទីពីរនៃក្រសួងការបរទេសប្រ៊ុយណេ លោក អេរីវ៉ាន់ ប៊ីន យូសូហ្វ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ប៊ុយ ថាញសុន ឧបនាយករដ្ឋមន្ត្រីឡាវ និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក សាលើមសាយ កុមម៉ាសិទ្ធ និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ប៉ានព្រី បាហ៊ីដដា នូការ៉ា។

លោកស្រីត្រូវបានគេរំពឹងថា នឹងបញ្ជាក់ថាប្រទេសជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសនីមួយៗដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហដោយផ្អែកលើនីតិរដ្ឋ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យមួយចំនួន ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាដើម្បីរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅក្នុងខែធ្នូឆ្នាំនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា