​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ ដំណាក់កាលដំបូងនៃប្រតិបត្តិការ​«ដាវដែក» បានបញ្ចប់

0

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសអ៊ីស្រាអែលបានបញ្ចប់ដំណាក់កាលដំបូងនៃប្រតិបត្តិការ «ដាវដែក» របស់ខ្លួន ដែលបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំពីតំបន់ហ្គាហ្សាស្ទ្រីប។

លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (ពីមុនត្រូវបានគេស្គាល់ថាជាបណ្តាញសង្គមធ្វីតធើរ) ថា «ដំណាក់កាលទីមួយកំពុងត្រូវបានបញ្ចប់ក្នុងអំឡុងពេលប៉ុន្មានម៉ោងនេះ ខណៈដែលកងកម្លាំងរបស់សត្រូវភាគច្រើនដែលបានជ្រៀតចូលទឹកដីរបស់យើងកំពុងត្រូវបានកម្ចាត់ចោល»។

លោកក៏បានប្រកាសផងដែរថា ប្រទេសរបស់លោកកំពុងចាប់ផ្តើមការវាយលុកដែលនឹងបន្តឥតឈប់ឈររហូតដល់គោលដៅរបស់យើងត្រូវបានសម្រេច។

កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍សប្តាហ៍មុន ការវាយប្រហារដោយគ្រាប់រ៉ុក្កែតត្រូវបានបាញ់ទៅលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប។ សញ្ញា​អាសន្ន​បាន​បន្លឺ​ឡើង​ជា​បន្តបន្ទាប់​ចាប់​ពី​ម៉ោង ០៦:២៨នាទី​ព្រឹក (ម៉ោង​នៅ​ទីក្រុង​មូស្គូ) នៅ​ក្នុង​តំបន់​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស ដែលរួម​ទាំង​ទីក្រុងតែលអាវីវ និង​តំបន់នៅ​ជុំវិញនោះផងដែរ។ មិនយូរប៉ុន្មាន កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេកំពុងចាប់ផ្តើមប្រតិបត្តិការ «ដាវដែក» ដែលជាការសងសឹកចំពោះការវាយប្រហារដែលចេញមកពីតំបន់ផ្តាច់ការប៉ាឡេស្ទីននោះ។ យោងតាមរបាយការណ៍ចុងក្រោយបានឱ្យដឹងថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានធ្វើឱ្យប្រជាជនអ៊ីស្រាអែលយ៉ាងតិច ៣០០នាក់បានស្លាប់ និងជាង ១.៥០០នាក់បានរងរបួស។

នៅក្រោមកាលៈទេសៈទាំងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្កាលលែនត៍ បានប្រកាសអំពីការដាក់តំបន់ក្នុង «ស្ថានភាពពិសេស» ក្នុងចម្ងាយ ៨០គីឡូម៉ែត្រពីព្រំដែនហ្កាហ្សា។ ភាពអាសន្នត្រូវបានពង្រីកនៅលើទឹកដីអ៊ីស្រាអែលទាំងមូលកាលពីល្ងាចថ្ងៃសៅរ៍។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសរបស់លោក «កំពុងមានសង្រ្គាម» ហើយបានប្តេជ្ញាចិត្តដើម្បីយកឈ្នះសង្រ្គាមនោះ ដោយលោក​បាននិយាយ​បន្ថែម​ថា «សត្រូវ​នឹងត្រូវបានតបស្នងដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា