បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថានម្នាក់នៃសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បាននិយាយថា មនុស្សជាង ២.០០០នាក់បានស្លាប់ និងជាង ៩.០០០នាក់បានរងរបួសនៅក្នុងការរញ្ជួយដីដ៏សាហាវមួយ និងការរញ្ជួយដីជាបន្តបន្ទាប់ នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន។
លោក មូលឡាហ៍ ចានែន សាយីក អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា មនុស្សចំនួន ២.០៥៣នាក់បានស្លាប់ និង ៩.២៤០នាក់បានរងរបួស ហើយផ្ទះចំនួន ១.៣២៩ខ្នងបានរងការខូចខាត ឬបំផ្លាញ។
លោក អាប់ឌុល វ៉ាហ៊ីដ រ៉ាយ៉ាន អ្នកនាំពាក្យក្រសួងព័ត៌មាន និងវប្បធម៌បាននិយាយថា «ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនៅតំបន់ហេរ៉ាត គឺមានចំនួនច្រើនជាងការរាយការណ៍កាលពីដំបូង។ ភូមិប្រហែល៦ ត្រូវបានបំផ្លាញ ហើយជនស៊ីវិលរាប់រយនាក់ត្រូវបានកប់នៅក្រោមកំទេចកំទី»។
ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់សម្តីរបស់លោក ប៊ីឡាល់ ការីមី អ្នកនាំពាក្យរងរបស់ក្រុមតាលីបង់ដែលបាននិយាយថា មនុស្សជាង ១.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការរញ្ជួយដីដ៏សាហាវនោះ។
មជ្ឈមណ្ឌលរញ្ជួយដីសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បានប្រកាសកាលពីថ្ងៃទី៧ ខែតុលាថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័របានវាយប្រហារប្រទេសអាហ្វហ្គានីស្ថានភាគខាងលិច។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយ ៤២គីឡូម៉ែត្រ (ជាង ២៦ម៉ាយល៍) ទៅភាគពាយព្យនៃទីក្រុងហេរ៉ាត ដែលមានប្រជាជនរស់នៅប្រហែល ២៧២.០០០នាក់។ មានការរញ្ជួយដីជាបន្តបន្ទាប់ត្រូវបានរាយការណ៍បានកើតឡើងបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាមួយនោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា