បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាម៉េដ អាប៊ូល ហ្គេត នឹងផ្តល់អាទិភាពដល់កិច្ចពិភាក្សាគ្នាអំពីការកើនឡើងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានប្រាប់សារព័ត៌មានស្ពុតនីកកាលពីថ្ងៃអាទិត្យ។
នៅព្រឹកថ្ងៃដដែលនោះ សម្ព័ន្ធអារ៉ាប់បាននិយាយថា លោក អាប៊ូល ហ្គេត បានចាកចេញទៅកាន់ប្រទេសរុស្ស៊ីតាមការអញ្ជើញរបស់លោក ឡាវរ៉ូវ។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយថា «យើងមានរបៀបវារៈដ៏មមាញឹកមួយ ប៉ុន្តែដោយសារការកើនឡើងយ៉ាងខ្លាំងនៃជម្លោះអារ៉ាប់ និងអ៊ីស្រាអែល ដូច្នេះបញ្ហានេះនឹងទទួលបានការយកចិត្តទុកដាក់បំផុតសម្រាប់កិច្ចពិភាក្សា»។
លោកស្រីបាននិយាយបន្ថែមថា ជំនួបរវាងមន្ត្រីទាំងពីរនឹងធ្វើឡើងនៅទីក្រុងមូស្គូនៅថ្ងៃច័ន្ទនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា