បរទេស៖ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានបើកកិច្ចពិភាក្សាថ្នាក់អនុរដ្ឋមន្ត្រីនៅទីក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ស្តីពីទំនាក់ទំនងទ្វេភាគី និងបញ្ហាទូទៅផ្សេងទៀត រួមទាំងការអភិវឌ្ឍថ្មីៗនៅក្នុងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់កូរ៉េខាងជើងជាមួយនឹងរុស្ស៊ី ដោយព្រមព្រៀងរក្សាសន្ទុះសម្រាប់ការទំនាក់ទំនង។
កិច្ចពិភាក្សានោះបានធ្វើឡើងក្នុងអំឡុងពេលដែល «កិច្ចសន្ទនាយុទ្ធសាស្ត្រ» បានធ្វើឡើងរវាងអនុរដ្ឋមន្ត្រីការបរទេសទីមួយរបស់កូរ៉េខាងត្បូង លោក ចាង ហូជីន និងសមភាគីជប៉ុន លោក ម៉ាសាតាកា អូកាណូ នៅទីក្រុងសេអ៊ូលកាលពីព្រឹកមិញ។ នេះជាកិច្ចពិភាក្សាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំកន្លងមក ខណៈដែលប្រទេសជិតខាងអាស៊ីទាំងពីរបាននិងកំពុងជួសជុលទំនាក់ទំនង បន្ទាប់ពីមានភាពស្ងប់ស្ងាត់ជាច្រើនឆ្នាំក្នុងជួរប្រវត្តិសាស្ត្រ។
សេចក្តីសម្រេចនេះបាននាំឱ្យប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងតូក្យូនៅចុងខែនេះ ដើម្បីចូលរួមកិច្ចពិភាក្សាកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលលោកនឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេដែលធ្វើទស្សនកិច្ចទ្វេភាគីនៅប្រទេសជប៉ុនក្នុងរយៈពេល ១២ឆ្នាំកន្លងមក។
យោងតាមក្រសួងការបរទេសបានឱ្យដឹងថា លោក ចាង បាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ គឺមានអត្ថន័យណាស់ ព្រោះវាបានជួយស្វែងរកវិធីសាស្រ្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យមានការរីកចម្រើនបន្ថែមទៀតក្នុងលក្ខណៈឆ្ពោះទៅមុខ។
ដោយបានហៅប្រទេសទាំងពីរថា «អ្នកជិតខាងដ៏សំខាន់» លោក អូកាណូ បានកត់សម្គាល់ថា កិច្ចពិភាក្សានោះបានផ្តល់ឱកាសសម្រាប់កិច្ចពិភាក្សាឱ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងកូរ៉េខាងត្បុង-ជប៉ុនមួយកម្រិតទៀត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា