បរទេស៖ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ៤២,២% នៃធញ្ញជាតិនៅរដូវស្លឹកឈើជ្រុះត្រូវបានប្រមូលផលនៅទូទាំងប្រទេសចិន។
ក្រសួងបាននិយាយថា ជាមួយនឹងតំបន់មួយចំនួន ដូចជាខេត្តហឺណាននៅភាគកណ្តាលរបស់ប្រទេសចិនកំពុងពន្លឿនការប្រមូលផល ចំពេលដែលមានលក្ខខណ្ឌអាកាសធាតុសមស្របសម្រាប់ការប្រមូលផលនៅរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំនេះ ដែលមានល្បឿនលឿនជាងឆ្នាំមុន។
ជាងពាក់កណ្តាលនៃផលដំណាំស្រូវ ដំណាំពោតជាង ៤០% និងសណ្តែកសៀងប្រហែល ៤០% ត្រូវបានច្រូតកាត់រហូតមកដល់ពេលនេះ។ នេះបើយោងតាមក្រសួងនោះបានចេញផ្សាយ។
ប្រទេសចិនបានចាត់វិធានការច្រើនផ្នែកដើម្បីធានាឱ្យបាននូវការប្រមូលផលនៅរដូវស្លឹកឈើជ្រុះ។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបានបែងចែកប្រាក់ឧបត្ថម្ភចំនួន ២,៤ប៊ីលានយ័ន (ប្រហែល ៣៣៤លានដុល្លារអាម៉េរិក) នៅក្នុងខែសីហាសម្រាប់ផលិតផលជី ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបាញ់កសិកម្មផ្សេងៗទៀត ដើម្បីបង្កើនទិន្នផលនៃគ្រាប់ធញ្ញជាតិនៅរដូវស្លឹកឈើជ្រុះ។
យោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលចិនឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិនមានគោលបំណងរក្សាស្ថិរភាពទិន្នផលស្រូវប្រចាំឆ្នាំរបស់ខ្លួនឱ្យលើសពី ៦៥០ប៊ីលានគីឡូក្រាម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា