បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងរដ្ឋមន្ត្រីទាំងអស់បានពិភាក្សាគ្នាអំពីដំណោះស្រាយដើម្បីទប់ទល់នឹងបាតុភូតអាកាសធាតុអ៊ែលនីណូនៅក្នុងប្រទេស។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងព្រៃឈើរបស់ឥណ្ឌូណេស៊ី លោកស្រី ស៊ីទី នូបាយ៉ា បាការ បាននិយាយកាលពីថ្ងៃទី៤ ខែតុលាថា នៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី វីដូដូ បានសម្តែងការព្រួយបារម្ភថា បាតុភូតអាកាសធាតុអ៊ែលនីណូ កំពុងបន្សល់ទុកនូវផលប៉ះពាល់ជាអវិជ្ជមានដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ី។
លោកប្រធានាធិបតីបានណែនាំនូវដំណោះស្រាយចំនួនបីដើម្បីទប់ទល់នឹងបាតុភូតអាកាសធាតុខ្លាំងនាពេលបច្ចុប្បន្ន ដែលរួមមានទាំងការធ្វើផែនទីតំបន់ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុអ៊ែលនីណូ ដោយផ្តោតសំខាន់ទៅលើយុទ្ធសាស្ត្រដើម្បីធានានូវធនធានទឹកដែលមាន ដូចជាទន្លេ បឹង និងប្រព័ន្ធប្រឡាយក្នុងស្រុក ព្រមទាំងការត្រួតពិនិត្យជាប្រចាំនូវការផ្គត់ផ្គង់ទឹកក្នុងវិស័យផលិតកម្មស្បៀងអាហារ និងរាយការណ៍ពីកម្រិតទឹកក្នុងតំបន់ទាំងនោះជាទៀងទាត់។
លោកក៏បានផ្តាំផ្ញើដល់ក្រសួងនានាផងដែរឱ្យវាយតម្លៃអំពីស្ថានភាពបច្ចុប្បន្ន ជាពិសេសលទ្ធភាពដែលទិន្នផលកសិកម្មនឹងធ្លាក់ចុះ ដោយសារប្រភពទឹកស្រោចស្រពអស់ និងភ្លើងឆេះព្រៃដែលកំពុងរីករាលដាល។
ថ្នាក់ដឹកនាំរូបនោះក៏បានណែនាំដល់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រជាតិ (BMKG) ឱ្យតាមដានការវិវត្តន៍អាកាសធាតុឱ្យបានដិតដល់ និងរាយការណ៍ជាប្រចាំជូនលោកប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា