ឥណ្ឌូណេស៊ី​នឹង​បង្កើត​មូលនិធិ​ទេសចរណ៍

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធនានាឱ្យបង្កើតមូលនិធិសម្រាប់បម្រើដល់ការកសាងវិស័យទេសចរណ៍លំដាប់ពិភពលោក។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូណេស៊ី លោក សាន់ឌីអាហ្កា អ៊ូណូ។

លោករដ្ឋមន្ត្រីបាននិយាយថា មូលនិធិនេះនឹងចាប់ផ្តើមជាមួយនឹងអភិបាលកិច្ចល្អ និងផ្តល់អាទិភាពដល់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងគុណភាព ដោយបង្ហាញពីឧត្តមភាពវប្បធម៌ក្នុងស្រុក។

លោកបានបញ្ជាក់ថា ភ្ញៀវទេសចរប្រកបដោយគុណភាពនឹងនាំមកនូវឥទ្ធិពលសេដ្ឋកិច្ចដល់ប្រទេសឥណ្ឌូណេស៊ី ដូចជាផលប៉ះពាល់ដល់ការបង្កើតការងារ ដោយលោកបានកត់សម្គាល់ថា រដ្ឋាភិបាលនឹងបង្កើតក្រុមការងារពិសេសមួយដើម្បីកំណត់យន្តការរបស់មូលនិធិ។

លោកបាននិយាយបន្ថែមថា ជម្រើសមួយក្នុងចំណោមជម្រើសទាំងអស់​ គឺតាមរយៈមូលនិធិនេះនឹងឧបត្ថម្ភគាំទ្រដោយអត្រាប្តូរប្រាក់បរទេសពីវិស័យទេសចរណ៍ ដែលអាចរកចំណូលបានពី ២០ ទៅ ២៥ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ មុនពេលមានជំងឺរាតត្បាត។

យោងតាម​លោក​រដ្ឋមន្ត្រីបានឱ្យដឹងថា រដ្ឋាភិបាល​នឹង​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​ច្បាប់​លេខ១០ ឆ្នាំ​២០០៩ ស្ដីពី​វិស័យ​ទេសចរណ៍ដែល​គ្រប​ដណ្តប់​លើ​ទិដ្ឋភាព​នៃ​មូលនិធិ​ទេសចរណ៍។

មូលនិធិទេសចរណ៍គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៤ ហើយគណៈរដ្ឋមន្ត្រីថ្មីដែលកើតចេញពីការបោះឆ្នោតជាសកលបានគ្រោងនឹងដំណើរការមូលនិធិនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា