ថៃ​ប្ដេជ្ញា​ខិតខំ​ស្តារ​ទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​ឡើង​វិញ ក្រោយមានហេតុ​ការណ៍​បាញ់​ប្រហារ​នៅក្នុង​ផ្សារ​ទំនើប

0

បរទេស៖ ក្រុមមន្ត្រីថៃបាននិយាយថា ប្រទេសថៃនឹងស្តារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅក្នុងផ្សារទំនើបប្រណីតមួយដែលបានសម្លាប់មនុស្ស ២នាក់ និងរបួស ៥នាក់ផ្សេងទៀត។

លោក ថាប៉ានី គៀតផៃបុល អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ភ្នាក់ងាររដ្ឋាភិបាលនឹងធ្វើការងារបន្ថែមទៀតដើម្បីស្តារទំនុកចិត្តភ្ញៀវទេសចរឡើងវិញ ដោយលោកបាននិយាយថា ពួកគេត្រូវការពង្រឹងសន្តិសុខលើគ្រប់វិស័យសម្រាប់ភ្ញៀវទេសចរថៃ និងបរទេស។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ក៏បានសន្យាអនុវត្តវិធានការធានាសុវត្ថិភាពខ្ពស់បំផុតសម្រាប់ភ្ញៀវទេសចរបរទេស បន្ទាប់ពីមានការបាញ់ប្រហារមួយដែលបណ្តាលឱ្យមានមនុស្សស្លាប់នៅក្នុងផ្សារទំនើបសាយ៉ាមផារ៉ាហ្គន ក្នុងទីក្រុងបាងកក។

លោកឧត្តមសេនីយឯក អាឆាយ៉ុន ក្រៃថង អ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិថៃ  បានអំពាវនាវដល់សាធារណជនឱ្យជៀសវាងការចែករំលែករូបភាព និងវីដេអូឃ្លីប ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុហិង្សាបាញ់ប្រហារដែលបង្កឡើងដោយអនីតិជនម្នាក់នោះ។

លោក អាឆាយ៉ុន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នកដែលរងរបួស។ លោកក៏បានព្រមានដល់អ្នកប្រើប្រាស់បណ្ដាញសង្គមអនឡាញផងដែរកុំឱ្យចែករំលែករូបភាព ឬវីដេអូឃ្លីបដែលទាក់ទងនឹងឧបទ្ទវហេតុនោះ ដែលរួមទាំងវីដេអូនៃព្រឹត្តិការណ៍ផ្ទាល់ ក៏ដូចជារូបភាពនៃអ្នកស្លាប់ និងអ្នករបួស។ លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការយល់ដឹងអំពីផលប៉ះពាល់ដែលខ្លឹមសារបែបនេះអាចមានចំពោះក្រុមគ្រួសារដែលរងផលប៉ះពាល់៕

ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា