រំពឹងថាកម្មវិធីលើកលែងទិដ្ឋាការនឹងជួយជំរុញវិស័យទេសចរណ៍

0

បរទេស៖ ប្រទេសថៃកំពុងត្រៀមខ្លួនសម្រាប់ការរស់ឡើងវិញនៃវិស័យទេសចរណ៍ជាមួយនឹងការចាប់ផ្តើមកម្មវិធីលើកលែងទិដ្ឋាការថ្មីមួយដែលផ្តោតសំខាន់ទៅលើភ្ញៀវទេសចរចិន។ ផែនការមហិច្ឆតារបស់រដ្ឋាភិបាលថៃមានគោលបំណងទាក់ទាញភ្ញៀវទេសចរជនជាតិចិនឱ្យបានចំនួន ២,៩លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ឱ្យបានចំនួន ១៤០ប៊ីលានបាតក្នុងរយៈពេល ៥ខែ។ ចំណាត់ការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ការ​ស្ទុះ​ងើប​សេដ្ឋកិច្ចឡើងវិញ​របស់​ប្រទេសថៃ។

កម្មវិធីនេះបានបង្ហាញពីសញ្ញាណដ៏ជោគជ័យ ដោយមានអ្នកដំណើរជនជាតិចិនជាង ២២.០០០នាក់ចូលទៅទស្សនាប្រទេសថៃក្នុងរយៈពេលពីរថ្ងៃដំបូងនៃការលើកលែងទិដ្ឋាការ។

លោក ឆៃ វ៉ាចារ៉ុនកេ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានសង្កត់ធ្ងន់ថា កម្មវិធីនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ប្រាក់ចំណូលពីវិស័យទេសចរណ៍របស់ប្រទេស ដែលត្រូវបានព្យាករណ៍ថាមានចំនួន ១៤០,៣ប៊ីលានបាត។

សេចក្តីសម្រេចរបស់ប្រទេសថៃក្នុងការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន ត្រូវបានគេមើលឃើញថាជាកត្តាជំរុញឱ្យមានការចាប់អារម្មណ៍ឡើងវិញនៃអ្នកធ្វើដំណើរចិន ដែលជាក្រុមភ្ញៀវទេសចរច្រើនជាងគេមុនពេលមានជំងឺរាតត្បាតកូវីដ១៩។ ការលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន និងកាហ្សាក់ស្ថាន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលថៃក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា