បរទេស៖ ការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) របស់ប្រទេសថៃ បានអនុម័តទៅលើការកែសម្រួលថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលនៅក្នុងនោះ មូលនិធិថែទាំសខភាពជាតិបានកើនឡើងគួរឱ្យកត់សម្គាល់។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាមួយក្រោមអធិបតីភាពរបស់លោកវេជ្ជបណ្ឌិត ចុលណាន ស្រ៊ីកែវ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ។
ថវិកាដែលបានអនុម័តថ្មីសម្រាប់ការិយាល័យ NHSO នេះ មានចំនួន ២២១ប៊ីលានបាត ដោយកើនឡើង ១៧ប៊ីលានបាតបើធៀបទៅនឹងឆ្នាំមុន។ ការបម្រុងថវិកានេះមានគោលបំណងគាំទ្រដល់គោលនយោបាយ «៣០បាតបូក» ដែលត្រូវបានកែលម្អដើម្បីផ្តល់ការថែទាំសុខភាពសាធារណៈគ្រប់ជ្រុងជ្រោយ។
នៅក្រោមផែនការថ្មីនេះ សេវាកម្មដែលនឹងត្រូវបានពង្រីក រួមមានការណាត់ជួបគ្រូពេទ្យនៅផ្ទះ ការតម្រង់ជួរតាមប្រព័ន្ធអ៊ីនធើណេត ការព្យាបាលតាមទូរស័ព្ទ ការធ្វើតេស្តឈាមតាមសហគមន៍ និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណជាតិតែមួយសម្រាប់សេវាថែទាំសុខភាពដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នៅក្នុងរបៀបវារៈនោះក៏មានគំនិតផ្តួចផ្តើមដើម្បីសម្រាលបន្ទុកការងារសម្រាប់បុគ្គលិកពេទ្យផងដែរ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋជ្រើសរើសវេជ្ជបណ្ឌិត និងកន្លែងថែទាំសុខភាពដែលខ្លួនពេញចិត្ត។
លើសពីនេះទៀត ការកំណត់អាយុសម្រាប់សេវាចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដោយឥតគិតថ្លៃនឹងត្រូវបានពង្រីកពីប្រជាជនដែលមានអាយុ ១១ឆ្នាំទៅដល់ ២០ឆ្នាំ។ កន្លែងថែទាំសុខភាពផ្លូវចិត្តនឹងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយសំខាន់ៗចំនួន១០ របស់ក្រសួងសុខាភិបាល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា