ជប៉ុនចាប់ផ្តើមបញ្ចេញទឹកសំណល់លើកទីពីរពីរោងចក្រហ្វ៊ូគូស៊ីម៉ា

0

បរទេស៖ ក្រុមហ៊ុនថាមពលអេឡិចត្រិចតូក្យូ (TEPCO) របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ្នកជំនាញជប៉ុនបានផ្តួចផ្តើមការបង្ហូរចេញជាលើកទីពីរនៃទឹកសំណល់ដែលបានសម្អាតរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា-១។

ទឹករហូតដល់ទៅ ៧.៨០០ម៉ែត្រតោន ត្រូវបានគេគ្រោងនឹងបង្ហូរចេញក្នុងដំណាក់កាលទីពីរជាមួយនឹងបរិមាណប្រចាំថ្ងៃតិចជាង ៥០០តោន។

កាលពីខែមីនា ឆ្នាំ២០១១ រលកយក្សស៊ូណាមិបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ាដាយអ៊ីជី ដោយបានផ្តាច់ថាមពល និងបរិក្ខារត្រជាក់ ដែលបណ្តាលឱ្យមានការរលាយនៃឥន្ធនៈនុយក្លេអ៊ែរនៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រចំនួន៣ មានការផ្ទុះ និងការបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើន។

រហូតមកដល់ពេលនេះ ទឹកដីនៃរោងចក្រ និងតំបន់ជុំវិញត្រូវបានសម្អាតយ៉ាងជាក់ស្តែង។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកកំពុងត្រូវបានបង្ហូរជាបន្តបន្ទាប់ទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រដែលត្រូវបានបំផ្លាញ ដើម្បីធ្វើឱ្យបំណែកឥន្ធនៈនុយក្លេអ៊ែរត្រជាក់ និងហូរចេញតាមចន្លោះប្រហោងជាមួយនឹងការបំពុលវិទ្យុសកម្មខ្លាំង។

ទឹកទាំងនោះត្រូវបានសម្អាត ប៉ុន្តែក្រោយមកនៅតែមានសារធាតុទ្រីទៀមដែលមិនអាចយកចេញបាន។ ទឹកជាង ១,៣៤លានតោនឥឡូវនេះបានប្រមូលផ្តុំនៅលើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរដែលបំពេញធុងដែកជាង១.០៤០។ រដ្ឋាភិបាល​ជប៉ុន​ពីមុន​បាន​សម្រេច​បញ្ចេញ​ទឹក​ដែល​បានសម្អាត​ជា​បណ្តើរៗនោះ​ទៅក្នុង​មហាសមុទ្រ។ ប្រតិបត្តិការនេះនឹងចំណាយពេលពី ៣០-៤០ឆ្នាំ។

កាលពីថ្ងៃទី១ ខែកញ្ញា ការបង្ហូរចេញលើកទីមួយនៃទឹកនោះដែលមានចំនួនប្រមាណ ៧.៨០០តោនត្រូវបានបញ្ចប់។ នៅចុងឆ្នាំសារពើពន្ធបច្ចុប្បន្ន (បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤) ទឹកដែលត្រូវបានសម្អាត់នោះប្រមាណ ៣១.២០០តោនត្រូវបានគ្រោងនឹងបញ្ចេញទៅក្នុងមហាសមុទ្រជាបន្តទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា