បន្ទាយមានជ័យ ៖ បុរសម្នាក់បានឡើងទៅលើភ្នំដើរបាញ់សត្វព្រាបក៏រអិលជើងរមៀលធ្លាក់ពីលើចូលក្នុងរណ្តៅទឹកក្រុមហ៊ុនចិនកាយថ្ម ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅភ្នំម្តុំភ្នំខ្លែងពណ៌ ស្ថិតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ថៃ ណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅបាញ់សត្វព្រាបនៅលើភ្នំម្តុំភ្នំខ្លែងពណ៌ ហើយក៏រអិលជើង រមៀលធ្លាក់ពីលើភ្នំ ចូលក្នុងរណ្តៅទឹកដែលក្រុមហ៊ុនចិនកាយយកថ្ម ពេលនោះស្រាប់តែពលរដ្ឋឃ្វាលគោនៅទីនោះបានមើលឃើញក៏ស្រែករកប្រជាពលរដ្ឋអោយជួយរាវរកក្នុងទឹកអស់រយៈពេល០៣ម៉ោង ទើបរកឃើញ តែជាអកុសលជនរងគ្រោះបានដាច់ខ្សល់ស្លាប់ទៅហើយ ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ