បរទេស៖ ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិនបានរក្សាការប្រកាសអាសន្នពណ៌លឿងសម្រាប់ព្យុះទីហ្វុងកយនុយ (Koinu) ដែលជាព្យុះទី១៤ នៅក្នុងឆ្នាំនេះកាលពីថ្ងៃពុធម្សិលមិញ។
នៅក្នុងការព្យាករកាលពីព្រឹកថ្ងៃពុធ មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា ព្យុះទីហ្វុងកយនុយបានចុះខ្សោយក្នុងកម្រិតខ្លាំងពីមហាព្យុះទីហ្វុងទៅជាព្យុះទីហ្វុងធំ គិតត្រឹមយប់ថ្ងៃអង្គារ ខណៈដែលខ្យល់ព្យុះ និងព្យុះភ្លៀងត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ភាគអាគ្នេយ៍របស់ប្រទេសចិន។
មជ្ឈមណ្ឌលនោះបាននិយាយថា ព្យុះទីហ្វុងដែលត្រូវបានគេសង្កេតឃើញនៅរយៈទទឹង ២២,០ដឺក្រេនៅប៉ែកខាងជើង និងរយៈបណ្តោយ ១២៤,០ដឺក្រេនៅប៉ែកខាងកើត នៅវេលាម៉ោង ៥:០០នាទីកាលពីព្រឹកថ្ងៃពុធ ដោយត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅភាគពាយព្យក្នុងល្បឿនពី ១០គីឡូម៉ែត ទៅ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយផ្លាស់ទីបន្តិចម្តងៗទៅជិតតំបន់ឆ្នេរភាគខាងត្បូងនៃកោះតៃវ៉ាន់របស់ប្រទេសចិន។
ទន្ទឹមនឹងនេះដែរ ខ្យល់ព្យុះត្រូវបានគេព្យាករណ៍ថានឹងវាយលុកផ្នែកខ្លះនៃសមុទ្រចិនភាគខាងកើត និងសមុទ្រចិនភាគខាងត្បូង ក៏ដូចជាតំបន់ឆ្នេរនៃខេត្តហ្សេជាំង និងខេត្តហ្វូជៀន នៅភាគខាងកើត និងភាគអាគ្នេយ៍ប្រទេសចិនកាលពីព្រឹកថ្ងៃពុធរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អាជ្ញាធរខេត្តហ្វូជៀនក៏បានបញ្ជាឱ្យទូកនេសាទដែលកំពុងប្រតិបត្តិការនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីនៅតាមឆ្នេរសមុទ្រជាច្រើនឱ្យត្រឡប់មកកាន់កំពង់ផែដែលនៅជិតបំផុតកាលពីល្ងាចថ្ងៃពុធហើយមនុស្សទាំងអស់ដែលនៅលើទូកត្រូវបានជម្លៀសចេញ។
ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុចំនួន ៤ពណ៌សម្រាប់ព្យុះទីហ្វុង ដែលពណ៌លឿងតំណាងឱ្យកម្រិតធ្ងន់ធ្ងរបំផុតទីបី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា