បរទេស៖ ប៉ូលិសនៅទីក្រុងប៊ែរឡាំងបានប្រាប់សារព័ត៌មានស្ពុតនីកថា បាតុករប្រហែល ៤.០០០នាក់បានចូលរួមក្នុងការប្រមូលផ្តុំគ្នាមួយក្នុងទីក្រុងប៊ែរឡាំងកាលពីថ្ងៃអង្គារ ដោយបានអំពាវនាវប្រឆាំងទៅនឹងការបញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាការលាលែងពីតំណែងរបស់រដ្ឋាភិបាលអាល្លឺម៉ង់ និងការបោះឆ្នោតនៅក្នុងប្រទេសមួយនេះ។
ប៉ូលិសនោះបាននិយាយថា «យោងតាមការប៉ាន់ស្មានជាបឋម បាតុករប្រហែល ៤.០០០នាក់បានចូលរួមក្នុងការហែក្បួនតវ៉ា»។
ប៉ូលិសនោះបាននិយាយថា បាតុករប្រហែល ៣៥០នាក់បានប្រមូលផ្តុំគ្នាដើម្បីប្រឆាំងតវ៉ាដោយមិនរំខានដល់ការដើរដង្ហែរក្បួនទេ ហើយមន្រ្តីប៉ូលិសនោះក៏បាននិយាយបន្ថែមផងដែរថាមានការប៉ះទង្គិចពាក្យសំដីគ្នាតិចតួចប៉ុណ្ណោះនៅពេលដែលក្បួនដង្ហែឆ្លងកាត់ទីក្រុង។
ប៉ូលិសប្រហែល ២៣០នាក់ត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យមើលសកម្មភាពតវ៉ាផ្សេងៗមួយចំនួននៅទូទាំងទីក្រុង។
ការហែក្បួនដែលបានចាប់ផ្តើមនៅជិតវិហារប៊ែរឡាំងត្រូវបានអំពាវនាវដោយសកម្មជនជិតស្និទ្ធនឹងគណបក្សស្តាំនិយមជំនួសសម្រាប់ប្រទេសអាល្លឺម៉ង់ (AfD) និងចលនា Querdenker ដែលពីមុនបានប្រឆាំងទៅនឹងការរឹតបន្តឹងនៃជំងឺរាតត្បាតកូវីដ១៩។ ក្រោយមកទៀត ក្រុមនេះត្រូវបានចាត់ទុកថាជាក្រុមប្រជានិយមស្តាំនិយម ហើយប្រមូលផ្តុំដោយអង្គការស្តាំនិយមជ្រុលមួយចំនួន ដែលរួមមានទាំងក្រុម Pegida ផងដែរ។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់រដ្ឋាភិបាលអាល្លឺម៉ង់បច្ចុប្បន្ន ដោយបានអះអាងថា រដ្ឋាភិបាលបានធ្វើខុសនៅក្នុងគោលនយោបាយថាមពលរបស់ប្រទេស និងបានអនុវត្តការរឹតបន្តឹងដោយខុសច្បាប់នៃជំងឺរាតត្បាត។ ពួកគេក៏បានទាមទារឱ្យបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ុយក្រែន និងបានអំពាវនាវឱ្យមានដំណោះស្រាយការទូតនៃជម្លោះអ៊ុយក្រែន និងការបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីផងដែរ។
បណ្តាប្រទេសលោកខាងលិចបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារុស្ស៊ីកាលពីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ជំនួយនេះបានវិវត្តន៍ពីកាំភ្លើងធំ និងការហ្វឹកហ្វឺននៅក្នុងឆ្នាំ២០២២ ទៅជាអាវុធធុនធ្ងន់ ដែលរួមមានទាំងរថក្រោះផងដែរ។ វិមានក្រឹមឡាំងបានព្រមានយ៉ាងជាប់លាប់ប្រឆាំងទៅនឹងការបន្តផ្តល់សព្វាវុធដល់ទីក្រុងគៀវ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា