សេតវិមាន​និយាយ​ថា អ៊ុយក្រែន​អាច​តស៊ូ​ក្នុង​ការ​ទទួល​បាន​ជំនួយ​ផ្សេង​ទៀត ប្រសិន​បើ​ការ​ផ្តល់​មូលនិធិ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បរាជ័យ

0

អ្នកសម្របសម្រួលទំនាក់ទំនងយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក ចន ឃីប៊ី បាននិយាយថា ប្រទេសអ៊ុយក្រែនអាចជួបការលំបាកក្នុងការទទួលបានជំនួយពីប្រទេសផ្សេងៗទៀត ប្រសិនបើជំនួយពីសហរដ្ឋអាមេរិកត្រូវបានខកខានដោយសារតែភាពអសកម្មនៃសភាជាតិ។

លោក ឃីប៊ី បាននិយាយនៅក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានមួយថា «បើគ្មានការគាំទ្ររបស់យើង ប្រទេសអ៊ុយក្រែនអាចនឹងមានការពិបាកក្នុងការទទួលបានការគាំទ្រមួយចំនួនផ្សេងទៀត»។

លោក ឃីប៊ី បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​មានអំណាច​កោះ​ប្រជុំ​មិន​គួរឱ្យ​ជឿក្នុង​ការ​រៀបចំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សម្រាប់​ប្រទេសអ៊ុយក្រែន។

លោក ឃីប៊ី បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនៅសល់ថវិកាពីរបីខែទៀតដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីនោះនឹងមានការខកខានសម្រាប់ជំនួយនេះ លុះត្រាតែសមាជិកសភាអាម៉េរិកអនុម័តនូវកញ្ចប់ជំនួយថ្មីមួយ។

ក្នុងពេលជាមួយគ្នានេះដែរ អ្នកសម្របសម្រួលរូបនោះបាននិយាយថា សហរដ្ឋអាមេរិកមិនបានឃើញសញ្ញាណាមួយដែលថាប្រទេសអ៊ុយក្រែនបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលដោយប្រើគ្រាប់បែកចង្កោមដែលផ្តល់ឱ្យដោយសហរដ្ឋអាមេរិកនោះទេ។

មន្ត្រីនោះបានកត់សម្គាល់ថា លោកមិនអាចមើលដឹងជាមុនទេថា តើគ្រាប់បែកចង្កោមនោះនឹងត្រូវបានរួមបញ្ចូលនៅក្នុងកញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកនាពេលអនាគតដែរឬក៏យ៉ាងណា។

លោក ឃីប៊ី បានអះអាងថា គ្រាប់បែកចង្កោម គឺជារបស់សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ុយក្រែនក្នុងការទម្លុះខ្សែការពាររបស់រុស្ស៊ី៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា