ប្រធានាធិបតី​រុស្ស៊ី និង​អ៊ូសបេគីស្ថាន​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី៦ ខែ​តុលា

0

បរទេស៖ នៅថ្ងៃទី៦ ខែតុលាស្អែកនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន លោក ស្សាវកាត មៀហ្ស៊ីយ៉ូយ៉េវ នៅទីក្រុងមូស្គូ ខណៈដែលលោកនឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសរុស្ស៊ី ។

សេវាកម្មសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា «មានផែនការសម្រាប់ពិភាក្សាអំពីអនាគតនៃការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរវាងរុស្ស៊ី-អ៊ូសបេគីស្ថាននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសម្ព័ន្ធភាព ក៏ដូចជាបញ្ហាក្នុងតំបន់ និងអន្តរជាតិ»។

វិមានក្រឹមឡាំងបាននិយាយថា កិច្ចចរចានឹងបញ្ចប់ដោយការអនុម័តសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រមុខរដ្ឋ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរក្រសួង និងពាណិជ្ជកម្មមួយចំនួនផងដែរ។

សេវាសារព័ត៌មានរបស់មេដឹកនាំអ៊ូសបេគីស្ថានបាននិយាយនៅពេលមុននេះថា លោក មៀហ្ស៊ីយ៉ូយ៉េវ នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី៥-៧ ខែតុលា តាមការអញ្ជើញរបស់លោក ពូទីន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា