អាស៊ែរបៃហ្សង់បដិសេធមិនចូលរួមក្នុងកិច្ចប្រជុំជាមួយអារមេនី បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុបនៅអេស្ប៉ាញ

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន APA របស់អាស៊ែរបៃហ្សង់បានរាយការណ៍ថា ប្រធានាធិបតីអាស៊ែរបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ បានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសអារមេនី បារាំង អាល្លឺម៉ង់ និងក្រុមប្រឹក្សាអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហ្រ្កាណាដានៃប្រទេសអេស្ប៉ាញនៅថ្ងៃទី៥ ខែតុលានេះទេ។

ការរាយការណ៍នោះបាននិយាយថា «អាស៊ែរបៃហ្សង់បានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំប្រាំភាគីដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងហ្រ្កាណាដារបស់ប្រទេសអេស្ប៉ាញនៅថ្ងៃទី៥ ខែតុលានេះទេ»។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា អាស៊ែរបៃហ្សង់បានស្នើឱ្យអញ្ជើញប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន ឱ្យចូលរួមពិភាក្សាដែរ ប៉ុន្តែទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំងបានជំទាស់នឹងគំនិតនេះ។ ការរាយ​ការណ៍នោះ​បាន​ដាក់ហៅ​ការ​ខ្វែង​គំនិត​គ្នា​នេះ​ថា​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឱ្យ​កិច្ច​ប្រជុំនោះ​ត្រូវ​បាន​លុបចោល។ យោងតាមទីភ្នាក់ងារសារព័ត៌មាននោះបានឱ្យដឹងថា ហេតុផលមួយទៀត គឺសេចក្តីថ្លែងការណ៍ដែលគាំទ្រប្រទេសអារមេនីកាលពីពេលថ្មីៗនេះ ដោយប្រទេសបារាំង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលេស មីឈែល។ ជាឧទាហរណ៍ អាស៊ែរបៃហ្សង់បានចង្អុលបង្ហាញពីផែនការរបស់ប្រទេសបារាំងក្នុងការផ្គត់ផ្គង់អាវុធដល់ប្រទេសអារមេនី។

ក្រៅ​ពី​នេះ ការរាយការណ៍នោះ​បាន​និយាយ​ថា ទីក្រុងបាគូ​មាន​អារម្មណ៍ថាត្រូវបាន​បង្ខំ​ឱ្យចូលរួមកិច្ច​ពិភាក្សាអំ​ពី​បញ្ហា​ក្នុង​តំបន់​ជាមួយ​នឹង​ប្រទេស​ដែល​មាន​ទីតាំង​នៅ​ឆ្ងាយ​ពី​តំបន់​ដែលមានបញ្ហា។ ទីភ្នាក់ងារសារព័ត៌មាននោះបាននិយាយថា អាស៊ែរបៃហ្សង់អាចចូលរួមក្នុងកិច្ចប្រជុំត្រីភាគីដែលពាក់ព័ន្ធនឹងអារមេនី និងសហភាពអឺរ៉ុបជំនួសវិញ។

កិច្ចប្រជុំនោះគ្រោងនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុប។ មេដឹកនាំនៃប្រទេសអាស៊ែរបៃហ្សង់ និងអារមេនី បានជួបគ្នាកាលពីមុននៅខាងក្រៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបនៅទីក្រុងប្រាក និងទីក្រុងជីសស៊ីណូ។ កិច្ចប្រជុំចុងក្រោយបង្អស់នៅទីក្រុងប្រាកត្រូវបានចូលរួមដោយប្រធានាធិបតីបារាំង លោក អេមម៉ានុយអ៊ែល ម៉ាក្រុន និងលោក ឆាលេស មីឈែល។ កិច្ចពិភាក្សានៅទីក្រុងជីស៊ីណូ មានការចូលរួមពីប្រទេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា