ឥណ្ឌូណេស៊ី​គ្រោង​ពង្រីក​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី លោក ប៊ូឌី កាយ៉ា ស៊ូម៉ាឌី បានបង្ហើបឱ្យដឹងថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះមានគម្រោងពង្រីកខ្សែរថភ្លើងល្បឿនលឿនហ្សាការតា-បាន់ឌុង ទៅកាន់ទីក្រុងស៊ូរ៉ាបាយ៉ានៅក្នុងខេត្តកោះជ្វាខាងកើត។

លោក ស៊ូម៉ាឌី បាននិយាយនៅខាងក្រៅពិធីសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូង (HSR) ដែលតភ្ជាប់ពីទីក្រុងហ្សាការតា និងទីក្រុងបាន់ឌុង កាលពីថ្ងៃទី២ ខែតុលាថា រថភ្លើងល្បឿនលឿនរវាងទីក្រុងហ្សាការតា និងខេត្តស៊ូរ៉ាបាយ៉ានេះត្រូវប្រើរយៈពេល ៣ម៉ោងកន្លះ បើធៀបទៅនឹងរថភ្លើងធម្មតាដែលត្រូវចំណាយពេលអស់ដល់ទៅ ១១ម៉ោងដើម្បីបញ្ចប់ការធ្វើដំណើរ។

លោកបាននិយាយថា «រថភ្លើងល្បឿនលឿនហ្សាការតា-បាន់ឌុង (KCJB) ត្រូវការពេលត្រឹមតែ ២៩នាទីប៉ុណ្ណោះដើម្បីទៅដល់ខេត្តប៉ាដាឡារ៉ាង និងខេត្តកោះជ្វាខាងលិច។ ប្រសិនបើយើងពង្រីកផ្លូវនេះ វាអាចទៅដល់ខេត្តស៊ូរ៉ាបាយ៉ាក្នុងរយៈពេលត្រឹមតែពី ៣ម៉ោង ទៅ ៣ម៉ោងកន្លះប៉ុណ្ណោះ»។

ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បាន់ឌុង HSR មានចម្ងាយផ្លូវប្រវែង ១៤២គីឡូម៉ែត្រ ដែលជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេក្នុងប្រទេសឥណ្ឌូណេស៊ី និងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានបង្កើតឡើងក្នុងតម្លៃប៉ាន់ស្មាន ៧,៣ប៊ីលានដុល្លារអាម៉េរិក។ ជាមួយនឹងល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងអគ្គិសនីដែលមិនមានការបញ្ចេញឧស្ម័នកាបូនិចដោយផ្ទាល់មួយនេះ អាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរនេះពី ៣ម៉ោងមកនៅត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។

ការដាក់ឱ្យដំណើរការរថភ្លើងល្បឿនលឿននេះ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូណេស៊ីមានភាពទំនើបទាន់សម័យ ប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថាន និងមានការរួមបញ្ចូលជាមួយបណ្តាញដឹកជញ្ជូនសាធារណៈផ្សេងៗទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា