បរទេស៖ ការបាញ់ប្រហារមួយនៅផ្សារទំនើបសាយ៉ាមផារ៉ាហ្គន ក្នុងទីក្រុងបាងកក ប្រទេសថៃ បានបណ្តាលឱ្យស្ត្រីពីរនាក់ស្លាប់ ដោយម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់អគ្គស្នងការនគរបាលភូមិន្ទថៃ លោកឧត្តមសេនីយ៍ តូសាក់ ស៊ុកវិបុល។
ចំណែកមនុស្ស ៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍នោះ ដោយក្នុងនោះមានជនបរទេសចំនួន ២នាក់ ដែលម្នាក់ជាបុរសជនជាតិចិន និងម្នាក់ទៀតជាស្ត្រីជនជាតិឡាវ។
លោក តូសាក់ បាននិយាយថា ជនសង្ស័យដែលមានអាយុ ១៤ឆ្នាំម្នាក់ត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ប៉ូលីសប៉ាធុមវ៉ាន់ដើម្បីសាកសួរ ដោយលោកបាននិយាយបន្ថែមថា ក្មេងប្រុសនោះបានទទួលការព្យាបាលបញ្ហាផ្លូវចិត្តនៅមន្ទីរពេទ្យរ៉ាចាវីធី។
ជនសង្ស័យដែលស្ថិតក្នុងស្ថានភាពច្របូកច្របល់នៅប៉ុស្តិ៍ប៉ូលិសនោះបាននិយាយថារូបគេបានឮសំឡេងប្រាប់គេឱ្យបាញ់មនុស្ស។
វីដេអូ និងរូបភាពដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមនុស្សរាប់រយនាក់កំពុងប្រញាប់ប្រញាល់រត់ទៅកាន់ច្រកចេញរបស់ផ្សារទំនើបសាយ៉ាមផារ៉ាហ្គន ដែលជាកន្លែងដើរទិញឥវ៉ាន់ដ៏ពេញនិយមមួយរបស់ទីក្រុងបាងកក ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកដូចគ្នា។
ការបាញ់ប្រហារនេះកើតឡើងនៅប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃឧប្បត្តិហេតុបង្ហូរឈាមដ៏ធំមួយក្នុងប្រវត្តិសាស្ត្រថៃកាលពីពេលថ្មីៗនេះ នៅពេលដែលអតីតប៉ូលិសប្រដាប់ដោយកាំបិត និងកាំភ្លើងម្នាក់បានវាយប្រហារកន្លែងបង្រៀនកូនតូចៗ ដោយសម្លាប់កុមារចំនួន ២៤នាក់ និងមនុស្សពេញវ័យចំនួន ១២នាក់។
កាលពីក្នុងឆ្នាំ២០២០ អតីតមន្ត្រីយោធាម្នាក់បានបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយក្នុងខេត្តនគររាជសីមា ដោយបានសម្លាប់មនុស្សចំនួន ២៩នាក់ និងមនុស្សជាច្រើននាក់ទៀតបានរងរបួស៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា