បរទេស៖ ពាក្យស្នើសុំជ្រើសរើសពលករបរទេសសម្រាប់អនុវិស័យចំនួន៣ ដែលរួមមានហាងកាត់សក់ វាយនភណ្ឌ និងជាងមាស នឹងចាប់ផ្តើមបើកនៅថ្ងៃទី១០ ខែតុលាខាងមុខ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ម៉ាឡេស៊ី លោក វី ស៊ីវ៉ាគូម៉ា។
លោកបាននិយាយថា កិច្ចការនេះ គឺស្របតាមការប្រកាសរបស់រដ្ឋាភិបាលកាលពីខែមុនដើម្បីបើកការទទួលយកពលករបរទេសឡើងវិញសម្រាប់អនុវិស័យទាំងបី ដែលបានជាប់គាំងតាំងពីឆ្នាំ២០០៩ មក។
លោក ស៊ីវ៉ាគូម៉ារ បាននិយាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែកញ្ញាកន្លងមក បានអនុម័តចំពោះកូតាពលករបរទេសចំនួន ៧.៥០០នាក់សម្រាប់អនុវិស័យចំនួនបី ដែលរួមមានទាំងពលករបរទេសដែលមានស្រាប់ចំនួន ៥.០០០នាក់នៅក្នុងអនុវិស័យទាំងនោះ ដោយផ្អែកទៅលើកំណត់ត្រារបស់នាយកដ្ឋានអន្តោប្រវេសន៍។
លក្ខខណ្ឌមួយ គឺថាពាក្យសុំទាំងនោះត្រូវតែធ្វើឡើងដោយនិយោជកដែលបានចុះបញ្ជីជាមួយសមាគមពាណិជ្ជកម្មឥណ្ឌា ហើយគ្មានការពន្យារពេលនៃពាក្យស្នើសុំដែលត្រូវបានអនុញ្ញាតបន្ទាប់ពីកូតានៃពលករបរទេសចំនួន ៧.៥០០នាក់ត្រូវបានសម្រេចនោះទេ ដោយលោកបាននិយាយបន្ថែមថា សម្រាប់ពលករបរទេសដែលមានស្រាប់ ការដាក់ពាក្យស្នើសុំសម្រាប់ការបន្តប័ណ្ណការងារបណ្តោះអាសន្ន (PLKS) អាចធ្វើឡើងដោយនិយោជកចាប់ពីថ្ងៃទី១០ ខែតុលា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា