បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃប្រទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ សាប៊ូ បាននិយាយថា ក្រសួងរបស់លោកនឹងអនុវត្តវិធានការអន្តរាគមន៍យ៉ាងម៉ត់ចត់ចំនួនបួន ដើម្បីកាត់បន្ថយទុក្ខលំបាករបស់ប្រជាជនចំពោះការដំឡើងថ្លៃអង្ករនាំចូល និងការកើនឡើងនៃតម្រូវការអង្ករក្នុងស្រុក។
លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោករដ្ឋមន្ត្រីបាននិយាយថា វិធានការអន្តរាគមន៍មួយ គឺការផ្តល់សិទ្ធិអំណាចដល់ការចែកចាយអង្ករសក្នុងស្រុកតាមរយៈអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធ (Fama) ដែលនឹងត្រូវបានពង្រីកដោយការបង្កើនការចែកចាយនៅតំបន់ជាយក្រុង និងជនបទ។ រដ្ឋាភិបាលនឹងកំណត់តម្លៃអង្ករសក្នុងស្រុកចាប់ពីថ្ងៃទី០៥ ខែតុលានេះ ដើម្បីអាចទទួលបានក្នុងតម្លៃលក់រាយ ៣១រីងហ្គីត (៦,៥៥ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម នៅក្នុងរដ្ឋសាបាហ៍ និងរដ្ឋសារ៉ាវ៉ាក់ ខណៈដែលផលិតកម្មអង្ករសក្នុងរដ្ឋទាំងពីរនៅមានកម្រិត។
លោកបាននិយាយថា វិធានការអន្តរាគមន៍មួយទៀត គឺការទិញអង្ករថ្មីក្រោមកិច្ចសន្យារបស់រដ្ឋាភិបាលដែលនឹងប្រើប្រាស់អង្ករសក្នុងស្រុក។ រដ្ឋាភិបាលម៉ាឡេស៊ីក៏នឹងចាប់ផ្តើមក្រុមការងារពិសេសមួយដែលមានការរួមបញ្ចូលគ្នានូវក្រុមការងារប្រតិបត្តិការអនុវត្តអង្ករស (OP BPT) ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងស្រូវ និងអង្ករ (KPB) ប៉ូលិសអនុវត្តន៍ពាណិជ្ជកម្មក្នុងស្រុក និងតម្លៃនៃការរស់នៅ (KPDN) នាយកដ្ឋានគយម៉ាឡេស៊ី និងនាយកដ្ឋានសេវាកម្មត្រួតពិនិត្យ និងអធិការកិច្ចម៉ាឡេស៊ី (MAQIS)។
លោករដ្ឋមន្ត្រីបាននិយាយបន្ថែមថា ប្រតិបត្តិការរួមបញ្ចូលគ្នានេះនឹងផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ និងការអនុវត្តនៅគ្រប់កម្រិតនៃខ្សែសង្វាក់ផ្គត់ផ្គង់អង្ករសក្នុងស្រុក។
លោកក៏បានក្រើនរំឭកដល់សាធារណជនឱ្យរក្សាភាពស្ងប់ស្ងាត់ និងទិញអង្ករទៅតាមតម្រូវការរបស់ពួកគេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា