វៀត​ណាម​ជំរុញ​ឱ្យ​មាន​វិធាន​ការ​គ្រប់​ជ្រុង​ជ្រោយសម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព

0

បរទេស៖ ទីប្រឹក្សារដ្ឋមន្ត្រី និងជាអនុប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក ង្វៀន ហួងង្វៀន បានអំពាវនាវឱ្យមានវិធានការគ្រប់ជ្រុងជ្រោយ និងឈានទៅរកការកែសម្រួលរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឡើងវិញ។

ថ្លែងមតិនៅក្នុងកិច្ចពិភាក្សារបស់គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិអាណត្តិទី៧៨ ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែតុលា លោក ង្វៀន បាននិយាយថា បញ្ហាសកលលោកនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពនៃការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដោយមានគោលដៅតែ ១៥% ប៉ុណ្ណោះដែលសម្រេចបានស្របតាមពេលវេលាកំណត់។

អ្នកតំណាងវៀតណាមរូបនេះបានជំរុញឱ្យមានសកម្មភាពខ្លាំងក្លាជាងនេះនៅក្នុងទិដ្ឋភាពសំខាន់បី។ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបាននិយាយថា ចាំបាច់ត្រូវពន្លឿនការកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងដាក់ពង្រាយកញ្ចប់ហិរញ្ញប្បទាន SDG ទៅកាន់ធនធានសម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ទាក់ទងនឹងបញ្ហាសង្គម លោកស្នើឱ្យបន្តយកចិត្តទុកដាក់ទៅលើការលុបបំបាត់ភាពក្រីក្រ តាមរយៈការពង្រឹងសន្តិសុខស្បៀងអាហារ ការវិនិយោគលើវិស័យអប់រំ និងធានាឱ្យមាននិរន្តរភាពការងារ និងសុខុមាលភាពសង្គមសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

ទាក់ទងនឹងបញ្ហាបរិស្ថាន លោកបានស្នើឱ្យមានការជំរុញឱ្យមានសកម្មភាពអាកាសធាតុ និងបង្កើនហិរញ្ញវត្ថុអាកាសធាតុ គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរទៅរកថាមពលស្អាត ការយល់ដឹងអំពីយន្តការនៃការបាត់បង់ និងការខូចខាតក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នាពេលខាងមុខ ព្រមទាំងពន្លឿនការសម្រេចបាននូវគោលដៅជីវៈចម្រុះដែលបានកំណត់ក្នុងក្របខណ្ឌជីវៈចម្រុះសកលលោកគុនមីង-ម៉ុងត្រេអាល់។

ក្នុងនាមជាសមាជិកនៃក្រុមស្នូលដែលតស៊ូមតិសម្រាប់ដំណោះស្រាយនៃទសវត្សរ៍វិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០២៣-២០៣៤ ប្រទេសវៀតណាមបានអំពាវនាវឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ជំរុញការផ្ទេរបច្ចេកវិទ្យា ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីឱ្យប្រទេសកំពុងអភិវឌ្ឍន៍ប្រើប្រាស់ឱកាសនៃយុគសម័យឌីជីថលនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា