ប្រទេសឥណ្ឌូណេស៊ីបានទទួលជំនួយចំនួន ២៧,២លាន GBP (ប្រហែល ៣៣លានដុល្លារអាម៉េរិក) ពីចក្រភពអង់គ្លេស សម្រាប់ដំណាក់កាលទីពីរនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍កាបូនទាប (LCDI) ដើម្បីជួយសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធនៅត្រឹមឆ្នាំ២០៦០ ឬមុនជាងកាលកំណត់នេះ។
ការចាប់ផ្តើមនៃជំនួយឥតសំណងដំណាក់កាលទីពីររបស់ចក្រភពអង់គ្លេសសម្រាប់គំនិតផ្តួចផ្តើមនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេសសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោកស្រី អាណេ ម៉ារី ត្រេវែលយ៉ាន រួមជាមួយរដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូណេស៊ី លោក ស៊ូហាសូ ម៉ូណូអាហ្វា នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី២ ខែតុលា។
ថ្លែងបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបច្ចេកទេសស្តីពីការផ្តល់ជំនួយនោះ លោកស្រី ត្រេវែលយ៉ាន បាននិយាយថា ជំនួយសម្រាប់ LCDI គឺជាផ្នែកមួយនៃការចល័តហិរញ្ញវត្ថុអន្តរជាតិរបស់ចក្រភពអង់គ្លេសដើម្បីដោះស្រាយភាពអាសន្នផ្នែកអាកាសធាតុ។
ភាគីទាំងពីរមើលឃើញ LCDI ថាជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចបៃតងរបស់ប្រទេសឥណ្ឌូណេស៊ី និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងបញ្ហាអាកាសធាតុ ដោយលោកស្រីបាននិយាយបន្ថែមថា គំនិតផ្តួចផ្តើមនេះបានបញ្ចប់ការគាំទ្ររបស់ប្រទេសលោកស្រីសម្រាប់ការផ្លាស់ប្តូរបៃតងរបស់ឥណ្ឌូណេស៊ីក្នុងវិស័យផ្សេងៗទៀតដូចជា ភាពជាដៃគូផ្លាស់ប្តូរថាមពលឥណ្ឌូណេស៊ី (JETP) ជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា