បរទេស៖ ទីប្រឹក្សារដ្ឋមន្ត្រីវៀតណាម លោកស្រី ឡេ ធីមីញថាវបាននិយាយថា ប្រទេសវៀតណាមគាំទ្រចំពោះវិធានការប្រឆាំងភេរវកម្មដែលស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចក្រោមច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌អន្តរជាតិ។
លោកស្រី ថាវ ដែលជាអនុប្រធានតំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងខាងលើនេះនៅក្នុងសន្ទរកថារបស់លោកស្រីនៅក្នុងកិច្ចពិភាក្សាអំពីវិធានការលុបបំបាត់អំពើភេរវកម្មអន្តរជាតិដែលរៀបចំឡើងដោយគណៈកម្មាធិការច្បាប់ (គណៈកម្មាធិការទី៦) នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២ ខែតុលា។
នៅក្នុងសុន្ទរកថា លោកស្រីបានអះអាងនូវគោលជំហរជាប់លាប់របស់ប្រទេសវៀតណាមក្នុងការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពនៃអំពើភេរវកម្ម ដោយមិនគិតអំពីទម្រង់ និងការលើកទឹកចិត្តរបស់ពួកគេឡើយ។
លោកស្រីបាននិយាយបន្ថែមថា ប្រទេសវៀតណាមជំទាស់ទៅនឹងការអនុវត្តស្តង់ដារទ្វេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
ថ្លែងអំពីវិធានការដើម្បីទប់ទល់នឹងអំពើភេរវកម្មប្រកបដោយប្រសិទ្ធភាព ឯកអគ្គរដ្ឋទូតវៀតណាមរូបនោះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការដោះស្រាយឫសគល់នៃអំពើភេរវកម្ម កាត់បន្ថយវិសមភាពសេដ្ឋកិច្ច សង្គម និងនយោបាយ កែលម្អភាពធន់របស់សហគមន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ជាមួយនឹងការចូលរួមរបស់ភាគីពាក់ព័ន្ធនានា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា