បរទេស៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក ស៊ុមសាក់ ទេពសុធីន បាននិយាយកាលពីថ្ងៃទី៣ ខែតុលាថា ប្រជាពលរដ្ឋប្រមាណ ៤.៣០០គ្រួសារនៅក្នុងខេត្តសុខោទ័យរបស់ប្រទេសថៃបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់បន្ទាប់ពីទឹកទន្លេយ៉ុមបានបាក់ច្រាំង ហើយគ្រោះទឹកជំនន់នោះក៏បានធ្វើឱ្យខូចខាតដំណាំស្រូវចំនួន ២០.៣០០ហិកតាផងដែរ។
ភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងនៅតែបន្តនៅក្នុងសប្តាហ៍នេះនៅក្នុងខេត្តសុខោទ័យ ដែលប្រជាជនក្នុងតំបន់កំពុងបង្កើនការការពារពីគ្រោះទឹកជំនន់។
ទន្លេយ៉ុមបានបាក់ច្រាំងធ្វើឱ្យទឹកជន់លិចនៅក្នុងស្រុកមួងកាលពីថ្ងៃទី ២ ខែតុលា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍កន្លងមក។
លោក ថាវីសាក់ ថាណាតេជោពល អគ្គនាយករងនៃនាយកដ្ឋានធារាសាស្ត្រ (RID) បាននិយាយថា បរិមាណទឹកដែលហូរកាត់ខេត្តសុខោទ័យក្នុងទន្លេយ៉ុមពេលនេះបានស្រកមកនៅត្រឹម ៤១៨ម៉ែត្រគុបក្នុងមួយវិនាទី ហើយនឹងបន្តធ្លាក់ចុះជាលំដាប់ លុះត្រាតែមានបរិមាណទឹកផ្សេងទៀតមកពីខាងលើ។
មានការព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមាននៅតំបន់ជាច្រើននៅភាគខាងជើងប្រទេសថៃនៅក្នុងសប្តាហ៍នេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា