ឥណ្ឌូណេស៊ី​បង្ក្រាប​ករណី​ល្បែងស៊ីសង​តាមប្រព័ន្ធអនឡាញ​ចំនួន ៧៧ករណី​ក្នុង​រយៈពេល ៩ខែ

0

បរទេស៖ ចាប់តាំងពីដើមឆ្នាំនេះមក ករណីល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចំនួន ៧៧ករណី ដោយមានជនសង្ស័យចំនួន ១៣០នាក់ត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមប៉ូលិសជាតិឥណ្ឌូណេស៊ី។

លោក អាម៉ាដ រ៉ាម៉ាដហាន ប្រធានការិយាល័យព័ត៌មានសាធារណៈនៃប៉ូលិសជាតិឥណ្ឌូណេស៊ីបាននិយាយថា ករណីថ្មីបំផុតពីរត្រូវបានរាយការណ៍នៅក្នុងខែកញ្ញា ដោយមានជនសង្ស័យចំនួន ៤២នាក់ជាប់ពាក់ព័ន្ធ។

គេហទំព័រមួយចំនួនដែលប្រើប្រាស់ដោយក្រុមទាំងនោះ រួមមានគេហទំព័រ Hotel Slot 88 គេហទំព័រ Auto Cuan 88 គេហទំព័រ Jaya Slot 28 គេហទំព័រ Oscar 28 និងគេហទំព័រ Sera 77។

ពួកគេបានផ្សព្វផ្សាយគេហទំព័រនេះតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងធ្វីតធើរ ព្រមទាំងបានបង្ហាញវាយ៉ាងបើកចំហនៅក្នុងគេហទំព័រ Suara Indonesia ដោយលោកបាននិយាយបន្ថែមថា អ្នកខ្លះកំពុងប្រើប្រាស់គណនីក្លែងក្លាយដើម្បីបញ្ចុះបញ្ចូលប្រជាជន។

ប៉ូលិសជាតិឥណ្ឌូណេស៊ិបានសហការជាមួយក្រសួងទំនាក់ទំនង និងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញទាំងនោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា