ក្រុមហ៊ុនឥណ្ឌូណេស៊ីពង្រីកការវិនិយោគប្រេង និងឧស្ម័ននៅទ្វីបអាហ្វ្រិក

0

បរទេស៖ ក្រុមហ៊ុនប្រេង និងឧស្ម័នឥណ្ឌូណេស៊ី PT Pertamina បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Guma Africa Group Limited ស្តីពីការបង្កើតសម្ព័ន្ធភាពដើម្បីស្វែងរកគម្រោងដែលមានសក្តានុពលនៅក្នុងអាជីវកម្មប្រេង និងឧស្ម័ននៅក្នុងទ្វីបអាហ្វ្រិក។

អគ្គនាយកក្រុមហ៊ុន Pertamina លោកស្រី នីគកេ វីដយ៉ាវ៉ាទី ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបាននិយាយថា ក្រុមហ៊ុនសង្ឃឹមថានឹងអាចអនុវត្តសមត្ថភាព និងបទពិសោធន៍ដែលក្រុមហ៊ុន Pertamina មាននៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅក្នុងទ្វីបអាហ្វ្រិក។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថានឹងផ្តល់លទ្ធភាពឱ្យប្រទេសឥណ្ឌូណេស៊ី និងបណ្តាប្រទេសនៅអាហ្រ្វិកបង្កើនឱកាសដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពលទាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងទ្វីបអាហ្វ្រិក។

ទន្ទឹមនឹងនេះដែរ ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Guma Africa Group Limited លោក រ៉ូបឺត ហ្គូម៉េដេ បាននិយាយថា ការចុះហត្ថលេខានេះ គឺជាសន្ទុះដ៏អស្ចារ្យមួយ។ លោកបាននិយាយថា ក្រុមហ៊ុន Pertamina នឹងជួយដល់អាហ្រ្វិកទាក់ទងនឹងការរុករក ការកែច្នៃ និងការនាំចូលផលិតផលធនធានធម្មជាតិ។

លោក ហ្គូម៉េដេ បាននិយាយថា ក្រុមហ៊ុននឹងអនុវត្តបទពិសោធន៍ដែលបានរៀនពីក្រុមហ៊ុន Pertamina នៅក្នុងបណ្តាប្រទេសដែលប្រភពប្រេង និងឧស្ម័ន និងថាមពលកកើតឡើងវិញច្រើននៅក្នុងទ្វីបអាហ្រ្វិក។ លោក​បាន​សម្តែង​ការ​រីករាយ​ ដែល​វា​ជា​កិច្ចសហការ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់មន្ត្រីក្រុមហ៊ុន Pertamina ទៅកាន់ទ្វីបអាហ្រ្វិក រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានផ្តួចផ្តើមនូវកិច្ចសហប្រតិបត្តិការជាមួយដៃគូធុរកិច្ចជាច្រើននៅក្នុងទ្វីបអាហ្រ្វិកសម្រាប់ការអភិវឌ្ឍប្រេង និងឧស្ម័ន រួមទាំងប្រភពថាមពលកកើតឡើងវិញ និងថ្មី ដូចជាថាមពលកំដៅក្នុងផែនដីជាដើម។

ក្រុមហ៊ុន Pertamina បានប៉ាន់ប្រមាណថា ការវិនិយោគដែលមានសក្តានុពលសរុបនៅក្នុងកិច្ចសហប្រតិបត្តិការនេះ មានចំនួនប្រមាណ ២,៦ប៊ីលានដុល្លារអាម៉េរិក។ កិច្ចសហការនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសកេនយ៉ា តង់ហ្សានី ម៉ូសំប៊ិក និងអាហ្វ្រិកខាងត្បូង សំដៅបង្កើនផលិតកម្ម និងតួនាទីរបស់ក្រុមហ៊ុន Pertamina ក្នុងការផ្លាស់ប្តូរថាមពល៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា