បរទេស៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងផ្សារទំនើបសាយ៉ាមផារ៉ាហ្គន ក្នុងទីក្រុងបាងកកនៃប្រទេសថៃកាលពីថ្ងៃទី០៣ ខែតុលា។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋ ថាវីស៊ីន បាននិយាយថា លោកបានទទួលព័ត៌មានសង្ខេបអំពីឧបទ្ទវហេតុនេះ ហើយបានបញ្ជាឱ្យស្នងការនគរបាលភូមិន្ទថៃធ្វើការស៊ើបអង្កេត និងតាមដានស្ថានការណ៍។
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលមានអាយុ ១៤ឆ្នាំ។
វីដេអូ និងរូបថតដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីមនុស្សរាប់រយនាក់កំពុងប្រញាប់ប្រញាល់រត់ទៅកាន់ច្រកចេញនៅក្នុងផ្សារទំនើបសាយ៉ាមផារ៉ាហ្គន ដែលជាផ្សារទំនើបដែលពេញនិយមបំផុតមួយសម្រាប់អ្នកដើរទិញឥវ៉ាន់នៅក្នុងទីក្រុងបាងកក ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកដូចៗគ្នា។
ការបាញ់ប្រហារនេះកើតឡើងនៅប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃឧប្បត្តិហេតុបង្ហូរឈាមដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រថៃកាលពីពេលថ្មីៗនេះ នៅពេលដែលអតីតប៉ូលិសមួយរូបប្រដាប់ដោយកាំបិត និងកាំភ្លើងបានវាយប្រហារកន្លែងអប់រំកុមារតូចៗ ដោយបានសម្លាប់កុមារចំនួន ២៤នាក់ និងមនុស្សពេញវ័យចំនួន ១២នាក់។
កាលពីក្នុងឆ្នាំ២០២០ អតីតមន្ត្រីយោធាម្នាក់បានបំផ្ទុះអាវុធនៅក្នុងផ្សារទំនើបមួយនៅក្នុងខេត្តនគររាជសីមា ដោយបានសម្លាប់មនុស្សចំនួន ២៩នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា