បរទេស៖ ប៉ូលិសប្រចាំតំបន់បាលីនឹងដាក់ពង្រាយមន្រ្តីប៉ូលិសចំនួន ៤.០០០នាក់ ដើម្បីធានាសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់លើកទី១ នៃវេទិការដ្ឋប្រជុំកោះ និងរដ្ឋកោះ (AIS) ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងកោះនេះនៅថ្ងៃទី១១ ខែតុលា។
មេប៉ូលិសប្រចាំតំបន់បាលី លោកអគ្គអធិការ អ៊ីដា បាហ្គូស កាដេ ពុត្រា ណារេនដ្រា បាននិយាយកាលពីថ្ងៃទី២ ខែតុលាថា មន្រ្តីប៉ូលិសដែលនឹងត្រូវបានដាក់ពង្រាយដើម្បីពង្រឹងកម្លាំងសន្តិសុខនោះ នឹងមានប៉ូលិសមកពីទីស្នាក់ការប៉ូលិសជាតិ (Polri) និងកងកម្លាំងប្រដាប់អាវុធជាតិ (TNI) ។
លោកបាននិយាយបន្ថែមថា ក្រុមការងាររបស់លោកបានសម្របសម្រួលជាមួយក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ ទាក់ទងនឹងការរៀបចំផ្សេងៗទៀតសម្រាប់វេទិកានោះ។
មន្ត្រីរូបនេះបានពន្យល់ថា ផែនការសន្តិសុខសម្រាប់វេទិកា AIS នឹងឆ្លុះបញ្ចាំងពីកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងគ្រោងការណ៍សន្តិសុខរង្វង់បី។
ប្រមុខរដ្ឋ/រដ្ឋាភិបាលចំនួន៧ នឹងចូលរួមវេទិកា AIS លើកទី១ ដែលមកពីរដ្ឋកូម៉ូរ៉ូស សហព័ន្ធរដ្ឋមីក្រូនេស៊ី ម៉ាដាហ្គាស្ការ នីយូ ប៉ាពួញូហ្គីណេ សៅតូមេ និងព្រីនស៊ីប និងទីម័រឡេស្តេ។
ប្រទេសឥណ្ឌូណេស៊ីបានអញ្ជើញប្រទេសជាសមាជិកទាំងអស់នៃវេទិកានេះចំនួន៥១ ដែលមួយចំនួនជាសមាជិកនៃវេទិកាប្រជុំកោះប៉ាស៊ីហ្វិក (PIF) និងក្រុម Melanesian Spearhead ។
វេទិកានេះធ្លាប់បានធ្វើសន្និសីទថ្នាក់រដ្ឋមន្ត្រីចំនួន ៥ដង និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៨ដង។
យោងតាមក្រសួងការបរទេសរបស់ប្រទេសឥណ្ឌូណេស៊ី កិច្ចប្រជុំកម្រិតខ្ពស់នៃវេទិកា AIS គឺជាផ្នែកសំខាន់មួយនៃទំនាក់ទំនងការទូតដែនសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ី ដែលរកឃើញឫសគល់របស់វានៅក្នុងអ្វីដែលគេហៅថា «ស្មារតីបាន់ឌុង» ដែលកើតចេញពីសន្និសីទអាស៊ី-អាហ្រ្វិកនៅទីក្រុងបាន់ឌុងនៃខេត្តកោះជ្វាខាងលិចកាលពីឆ្នាំ១៩៥៥។
លោកបានពន្យល់ថា ស្មារតីនោះប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាព សមភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា