បរទេស៖ ឧបករណ៍ហិរញ្ញប្បទានថ្មីមួយដែលអនុញ្ញាតឱ្យបណ្តារដ្ឋាភិបាលនៅអាស៊ីអាចបង្ខំឱ្យរោងចក្រថាមពលដើរដោយធ្យូងថ្មបិទមុនពេលកំណត់ គ្រោងនឹងចាប់ផ្តើមគម្រោងដំបូងរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនខែ។ នេះបើយោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយ។
ទីប្រឹក្សាអាកាសធាតុជាន់ខ្ពស់របស់ធនាគារ ADB លោក វ៉ារេន អ៊ីវ៉ាន់ស៍ បាននិយាយថា យន្តការផ្លាស់ប្តូរថាមពល (ETM) របស់ធនាគារ ប្រើប្រាស់ដើមទុនឯកជន និងសាធារណៈដើម្បីផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគនៅក្នុងរោងចក្រថាមពលធ្យូងថ្ម ដែលអនុញ្ញាតឱ្យកិច្ចព្រមព្រៀងទិញថាមពលត្រូវបានកាត់បន្ថយ ហើយរោងចក្រអាចត្រូវបានបិទមួយទសវត្សរ៍មុនការគ្រោងទុក។
លោកបាននិយាយថា កិច្ចចរចាទៅលើគម្រោង «Cirebon One» នៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងដំណើរការហើយនៅពេលឥឡូវនេះ ហើយកិច្ចពិភាក្សាក៏កំពុងដំណើរការផងដែរ ដើម្បីចាប់ផ្តើមគម្រោងស្រដៀងគ្នានេះនៅក្នុងប្រទេសហ្វីលីពីន។
លោកបានកត់សម្គាល់ថា នេះជាលើកដំបូងដែលមិនធ្លាប់ធ្វើ ដូច្នេះនឹងមានបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាច្រើនដែលត្រូវដោះស្រាយ ប៉ុន្តែកិច្ចចរចាកំពុងដំណើរការ។
លោក អ៊ីវ៉ាន់ស៍ បាននិយាយបន្ថែមថា ការកៀរគរហិរញ្ញវត្ថុអាកាសធាតុដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ នឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ នៅក្នុងឆ្នាំនេះ។
កាលពីពេលថ្មីៗនេះ ធនាគារ ADB បានចាប់ផ្តើមកម្មវិធីហិរញ្ញវត្ថុច្នៃប្រឌិតរបស់ខ្លួនសម្រាប់អាកាសធាតុនៅក្នុងតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិក (IF-CAP) ដែលគាំទ្រដោយម្ចាស់ជំនួយដែលអនុញ្ញាតឱ្យធនាគារបញ្ចេញដើមទុនរាប់ពាន់លានដុល្លារអាម៉េរិកសម្រាប់កម្ចីដល់គម្រោងអាកាសធាតុនៅក្នុងតំបន់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា