បរទេស៖ សារព័ត៌មានវៀងចន្ទន៍បានរាយការណ៍ថា នាយករដ្ឋមន្រ្តីឡាវ លោក សុនិស្ស័យ ស៊ីផាដូន បានណែនាំភ្នាក់ងារពាក់ព័ន្ធទាំងអស់ឱ្យពន្លឿនការធ្វើសេចក្តីព្រាងយុទ្ធសាស្ត្រ ស្តីពីរ៉ែដ៏កម្រ និងរ៉ែដទៃទៀត ដើម្បីធានាដល់ការគ្រប់គ្រងប្រតិបត្តិការរ៉ែនៅក្នុងប្រទេស។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំខែដែលបានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃទី២៨-២៩ ខែកញ្ញាកន្លងមក លោកនាយករដ្ឋមន្រ្តីបានលើកឡើងអំពីសារៈសំខាន់នៃរ៉ែដ៏កម្រសម្រាប់សេដ្ឋកិច្ចឡាវ។
លោកបាននិយាយថា ខណៈដែលរ៉ែដ៏កម្រកំពុងមានតម្រូវការខ្ពស់នៅទូទាំងពិភពលោកវាចាំបាច់ណាស់សម្រាប់រដ្ឋាភិបាលឡាវដើម្បីធានាថា ប្រទេសឡាវទទួលបានអត្ថប្រយោជន៍យ៉ាងពេញលេញពីការជីកយករ៉ែដ៏កម្រទាំងនោះ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សមាជិករដ្ឋសភាឡាវបានសម្តែងការព្រួយបារម្ភអំពីប្រតិបត្តិការរុករករ៉ែនៅក្នុងប្រទេសឡាវ ដោយបាននិយាយថា ការនាំចេញដែលគ្មានការគ្រប់គ្រងនៃលោហៈដ៏មានតម្លៃ និងរ៉ែផ្សេងៗទៀត បានធ្វើឱ្យការខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
ពួកគេបានជំរុញឱ្យរដ្ឋាភិបាលបង្កើតមន្ទីរពិសោធន៍រាល់ប្រភេទរ៉ែនីមួយៗ ហើយការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងកិច្ចសហការកាន់តែជិតស្និទ្ធ នឹងធ្វើឱ្យរដ្ឋាភិបាលប្រមូលប្រាក់បានកាន់តែច្រើនពីក្រុមហ៊ុនរុករករ៉ែ និងធានាថា ធនធានរ៉ែត្រូវបានគ្រប់គ្រងបានល្អជាងមុន។
រ៉ែដ៏កម្របម្រុងរបស់ប្រទេសឡាវត្រូវបានប៉ាន់ប្រមាណថាមានចំនួនច្រើន។ រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចសន្យារុករករ៉ែដ៏កម្រដែលមានក្រុមហ៊ុនចំនួន១៨ នៅក្នុង ១៨គម្រោង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា