ថៃបង្កើតផែនការឆ្លើយតបទៅនឹងបាតុភូតអាកាសធាតុអ៊ែលនីណូ

0

បរទេស៖ រដ្ឋាភិបាលថៃគ្រោងនឹងបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យប្រចាំថ្ងៃ និងបង្កើតផែនការដើម្បីដោះស្រាយផលប៉ះពាល់នៃបាតុភូតអាកាសធាតុអ៊ែលនីណូ។

ថ្លែងនៅថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដែលមានភារកិច្ចត្រួតពិនិត្យបាតុភូតអាកាសធាតុ លោក ភុមថាម វេចឆាយ៉ាឆៃ បាននិយាយថា ក្រុមការងារមួយនឹងត្រូវបានបង្កើតឡើងដើម្បីឃ្លាំមើលស្ថានភាពប្រចាំថ្ងៃដោយនាយកដ្ឋានឧតុនិយមដែលជាអ្នកដឹកនាំ និងក្រសួងពាណិជ្ជកម្ម ដែលជាទីភ្នាក់ងារសម្របសម្រួល។

លោកបាននិយាយថា លើសពីនេះទៀត ប្រព័ន្ធព្រមានគ្រោះមហន្តរាយត្រូវបានគេគ្រោងនឹងរក្សាការផ្តល់ព័ត៌មានដល់សាធារណៈជន ដោយផែនការយថាភាពត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយផលប៉ះពាល់។

លោកបាននិយាយបន្ថែមថា រដ្ឋាភិបាលចង់បង្កើតផែនការស្តារឡើងវិញដើម្បីជួយ និងផ្តល់ភាពធូរស្បើយដល់តំបន់ និងវិស័យនានាដែលរងផលប៉ះពាល់។

លោក ភុមថាម បាននិយាយថា រដ្ឋាភិបាលអាចនឹងពិចារណាទៅលើការផ្អាកគម្រោងធំៗមួយចំនួន ដែលមិនទាន់បានចង្អុលបង្ហាញលទ្ធផលដើម្បីចាត់ចែងថវិការបស់ពួកគេសម្រាប់វិធានការសង្គ្រោះគ្រោះរាំងស្ងួត ដូចជាការជាសំណង់ប្រភពទឹកតូចៗជាដើម។

អាជ្ញាធរថៃបានវាយតម្លៃថា បាតុភូតអាកាសធាតុអ៊ែលនីណូ និងឡានីណា ត្រូវបានគេរំពឹងថានឹងមានរយៈពេល ៣ឆ្នាំ ដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតប្រជាជននិងឧស្សាហកម្មទាំងអស់។ ដូច្នេះ វាចាំបាច់ណាស់ក្នុងការដាក់ចេញនូវផែនការឆ្លើយតបសមស្របដើម្បីកាត់បន្ថយការខូចខាតជាអប្បបរមា៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា