ឥណ្ឌូណេស៊ីអនុម័តដើមទុនចំនួន ១,៨ប៊ីលានដុល្លារអាម៉េរិកសម្រាប់ក្រុមហ៊ុនរដ្ឋ

0

គណៈកម្មាធិការហិរញ្ញវត្ថុនៃសភាតំណាងរាស្រ្តសហព័ន្ធឥណ្ឌូណេស៊ី បានអនុម័តទៅលើថវិកាដើមទុនចំនួន ២៨,២ទ្រីលានរូពៀសម្រាប់បណ្តាក្រុមហ៊ុនរដ្ឋមួយចំនួននៅក្នុងឆ្នាំ២០២៤ ដែលរួមមានទាំងក្រុមហ៊ុនសំណង់ដែលមានជាប់បំណុលផងដែរ។

នៅក្នុងការផ្សាយផ្ទាល់តាមទូរទស្សន៍មួយ គណៈកម្មាធិការនោះក៏បានអនុម័តដើមទុនចំនួន ៣៦,៨ទ្រីលានរូពៀ (២,៣៧ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ការវិនិយោគនៅក្នុងក្រុមហ៊ុនរដ្ឋមួយចំនួននៅក្នុងឆ្នាំនេះ។

ក្នុងចំណោមក្រុមហ៊ុនដែលទទួលបានផលប្រយោជន៍នៃដើមទុននោះ ក្រុមហ៊ុនសំណង់ហ៊ូតាម៉ា ការីយ៉ា នឹងទទួលបានដើមទុនច្រើនជាងគេដែលមានចំនួន ២៨,៩ទ្រីលានរូពៀ នៅក្នុងឆ្នាំ២០២៣ និង ១៨,៦ទ្រីលានរូពៀនៅឆ្នាំក្រោយ។

អាជ្ញាធរឥណ្ឌូណេស៊ីបាននិយាយថា ក្រុមហ៊ុនហ៊ូតាម៉ា ការីយ៉ា​ នឹងទទួលភារកិច្ចក្នុងការកាន់កាប់ទ្រព្យសម្បត្តិមួយចំនួននៃក្រុមហ៊ុនសំណង់ដែលមានបញ្ហា គឺក្រុមហ៊ុនវ៉ាស់គីតា ការីយ៉ា។

ក្រុមហ៊ុនសំណង់ដែលមានបំណុលមួយទៀត គឺក្រុមហ៊ុនវីចាយ៉ា ការីយ៉ា នឹងទទួលបានដើមទុនចំនួន ៦ទ្រីលានរូពៀនៅឆ្នាំក្រោយ។

ក្រុមហ៊ុនវ៉ាស់គីតា ការីយ៉ា និងក្រុមហ៊ុនវីចាយ៉ា ការីយ៉ា ស្ថិតក្នុងចំណោមក្រុមហ៊ុនសាងសង់ធំបំផុតរបស់ឥណ្ឌូណេស៊ី ហើយក្រុមហ៊ុនទាំងនេះកាន់តែធំទៀតបន្ទាប់ពីបានចាត់តាំងដោយរដ្ឋាភិបាលឱ្យបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើន។ ក្រុមហ៊ុនទាំងនេះបានធ្វើឱ្យបំណុលរបស់ពួកគេកាន់តែច្រើនទៅៗ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា