ឥណ្ឌូណេស៊ីបើកសម្ពោធផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍

0

បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានប្រកាសកាលពីថ្ងៃទី២ ខែតុលា ដែលជាការប្រកាសជាផ្លូវការនូវការដាក់ឱ្យប្រតិបត្តិការខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបាន់ឌុង។

ថ្លែងនៅក្នុងពិធីសម្ភោធនៅទីក្រុងហ្សាការតា​ លោក វីដូដូ បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា គឺជាការធ្វើឱ្យមានការច្នៃប្រឌិតនៃការដឹកជញ្ជូនសាធារណៈប្រភេទនេះដែលមានប្រសិទ្ធិភាព និងការពារបរិស្ថាន។

ការវិនិយោគសរុបសម្រាប់ផ្លូវរថភ្លើងល្បឿនលឿនដែលមានចម្ងាយ ១៤២គីឡូម៉ែត្រនោះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧,៣ប៊ីលានដុល្លារអាម៉េរិក។ ជាមួយនឹងល្បឿនរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ពេលវេលាធ្វើដំណើររវាងទីក្រុងហ្សាការតា និងទីក្រុងបាន់ឌុង ត្រូវបានកាត់បន្ថយមកនៅត្រឹម ៤៥នាទី ដោយការធ្វើដំណើរពីមុនមានរយៈពេលដល់ទៅ ៣ម៉ោង។ ទាំងទីក្រុងហ្សាការតា និងទីក្រុងបាន់ឌុង មានប្រជាជនរស់នៅច្រើនជាងគេនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយថា រយៈពេលនៃការដាក់ឱ្យប្រើប្រាស់សាកល្បងត្រូវបានដាក់ឱ្យដំណើរការចាប់តាំងពីសប្តាហ៍ទីពីរនៃខែកញ្ញាកន្លងមក ដែលប្រជាជនទទួលបានការជិះដោយគិតថ្លៃ ហើយការលក់សំបុត្រនឹងចាប់ផ្តើមនៅពាក់កណ្តាលខែតុលាខាងមុខ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា