ចិនបើកផ្លូវដែកល្បឿនលឿនបំផុតឆ្លងសមុទ្ររបស់ខ្លួនតាមបណ្តោយច្រកសមុទ្រតៃវ៉ាន់

0

បរទេស៖ ផ្លូវដែកល្បឿនលឿនបំផុតឆ្លងសមុទ្ររបស់ប្រទេសចិនបានចាប់ផ្តើមដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងល្បឿនរត់អតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃច្រកសមុទ្រតៃវ៉ាន់។

រថភ្លើងហ្វូស៊ីង ជី៩៨០១ (Fuxing G9801) បានចាកចេញពីទីក្រុងហ្វូហ្សូនៃខេត្តហ្វូជៀន ភាគខាងកើតប្រទេសចិននៅវេលាម៉ោង ៩:១៥នាទីព្រឹក ដែលជាការប្រារព្ធពិធីបើកផ្លូវដែកល្បឿនលឿនរវាងទីក្រុងហ្វូហ្សូ-ទីក្រុងស៊ាមេន-ទីក្រុងហ្សាងហ្សូ ដែលមានប្រវែង ២៧៧គីឡូម៉ែត្រ។

លោក លី ពីងហ្សូវ អ្នកគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន China Railway Siyuan Survey and Design Group Co., Ltd. ដែលជាក្រុមហ៊ុនរចនាគម្រោងផ្លូវដែកនោះបាននិយាយថា «ខ្សែផ្លូវរថភ្លើងនេះ បាននាំមកនូវបញ្ហាប្រឈមស្ទើរតែទាំងអស់ដែលបានជួបប្រទះក្នុងអំឡុងពេលសាងសង់គម្រោងផ្លូវដែកល្បឿនលឿនកាលពីមុន» ។

ផ្លូវរថភ្លើងនេះ គឺជាការបន្ថែមដ៏សំខាន់ចុងក្រោយបំផុតសម្រាប់បណ្តាញផ្លូវដែកល្បឿនលឿនដ៏ធំទូលាយរបស់ប្រទេសចិន។ នៅក្នុងឆ្នាំ២០២២ ប្រទេសចិនមានផ្លូវរថភ្លើងល្បឿនលឿនប្រតិបត្តិការដែលមានចម្ងាយ ៤២.០០០គីឡូម៉ែត្រ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក ហើយ​ប្រវែង​ផ្លូវដែក​ល្បឿន​លឿន​ដែល​ដំណើរការ​ទៀងទាត់​ក្នុង​ល្បឿន ​៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ មានជិត​ដល់ ​៣.២០០​គីឡូម៉ែត្រ​គិតត្រឹម​ខែមិថុនា ឆ្នាំ​២០២២។

លោក ខុង លីអាង អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ បាននិយាយថា បណ្តាញដឹកជញ្ជូនពហុវិមាត្ររួមបញ្ចូលគ្នាត្រូវបានសាងសង់នៅក្នុងទីក្រុងហ្វូជៀន ដែលធ្វើឱ្យវាអាចធ្វើទៅបានតាមបច្ចេកទេសដើម្បីសាងសង់ផ្លូវដឹកជញ្ជូនល្បឿនលឿនតភ្ជាប់ខេត្តនោះជាមួយកោះតៃវ៉ាន់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា