បរទេស៖ នៅក្នុងកិច្ចប្រជុំសភាដ៏សំខាន់មួយ ប្រទេសកូរ៉េខាងជើងបានកំណត់គោលនយោបាយពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងរដ្ឋធម្មនុញ្ញ ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន គឺជា «ការគំរាមកំហែងជាក់ស្តែងដ៏អាក្រក់បំផុត»។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៩ នៃសភាប្រជាជនកំពូលលើកទី១៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ និងថ្ងៃពុធ ដោយមានការចូលរួមពីមេដឹកនាំ លោក គីម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA)។
លោក គីម បាននិយាយថា នៅក្នុងសម័យប្រជុំនោះ ប្រទេសកូរ៉េខាងជើងបានសម្រេចចិត្តជាឯកច្ឆ័ន្ទដោយ «បន្ថែមមាត្រាទី៥៨ នៃជំពូកទី៤ នៃរដ្ឋធម្មនុញ្ញសង្គមនិយម» ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត ការអភិវឌ្ឍរបស់ប្រទេស រារាំងសង្គ្រាម ព្រមទាំងការពារសន្តិភាពក្នុងតំបន់ និងសកលលោក តាមរយៈការអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សដល់កម្រិតខ្ពស់មួយ។
នៅពេលមុននេះ របបសម្ងាត់បានប្រកាសពីផែនការដើម្បីធ្វើការប៉ុនប៉ងលើកទី៣ ដើម្បីបាញ់បង្ហោះផ្កាយរណបចារកម្មយោធានៅក្នុងខែតុលាខាងមុខនេះ បន្ទាប់ពីការប៉ុនប៉ងបរាជ័យពីរលើករបស់ខ្លួនកាលពីក្នុងខែឧសភា និងខែសីហា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា